សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា៖ ជប៉ុនជាប្រទេសមួយនាំមុខគេផ្តល់ជំនួយឥតសំណង និងកម្ចីសម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា, សូមអរគុណជប៉ុន សម្រាប់វិធីដោះបំណុលមរតក ឲ្យកម្ពុជាទទួលបានកម្ចីថ្មី


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ឲ្យដឹងថា ជប៉ុន គឺជាប្រទេសមួយនាំមុខគេ ក្នុងការផ្តល់ជំនួយឥតសំណងដល់កម្ពុជា ហើយបន្ទាប់ពីកម្ពុជាដោះស្រាយបំណុលមរតក ដែលបន្សល់ទុកពីរបបមុនៗរួច ទើបជប៉ុនសម្រេចផ្តល់ហិរញ្ញប្បទាន (កម្ចីមានការប្រាក់ទាប) ដើម្បីធ្វើការអភិវឌ្ឍប្រទេស។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះវិធីសាស្ត្រដែលអនុញ្ញាតឲ្យកម្ពុជា អាចដោះស្រាយបំណុលមរតកបន្សល់ទុកពីរដ្ឋាភិបាលមុនៗ បានយ៉ាងងាយស្រួល បង្កលទ្ធភាពឲ្យកម្ពុជាដោះបំណុលរួម ទទួលបាននូវហិរញ្ញប្បទានថ្មីៗជាច្រើន។

សម្តេចតេជោ ហ៊ុន សែន រំលឹកថា ដើម្បីដោះបំណុលរបស់កម្ពុជា ជប៉ុនបានផ្តល់ជាទំនិញសម្រាប់លក់ ដើម្បីកម្ពុជាបានលុយដោះបំណុល។ តែទំនិញដែលលក់បាននោះ ជប៉ុនមិនយកលុយត្រឡប់ទៅជប៉ុននោះទេ គឺទុកអភិវឌ្ឍន៍នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវបំណងចង់ឃើញប្រទេសម្ចាស់កម្ចីនានា ប្រើវិធីសាស្ត្រជប៉ុន ដើម្បីដោះបំណុលដែលកម្ពុជាជំពាក់។

ការថ្លែងរបសសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជប៉ុនបានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា បន្ទាប់ទៅជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ក្នុងការផ្តល់ជំនួយឥតសំណង។ ខ្ញុំបញ្ជាក់មកដល់ឆ្នាំ១៩៩៩ បានជប៉ុនផ្តល់ឲ្យយើងខ្ចីលុយ តើមូលហេតុអ្វីបានជាបែបនេះ ? ជប៉ុនផ្តល់ជំនួយច្រើនជាងគេ ប៉ុន្តែរឿងឲ្យប្រាក់កម្ចី គឺអត់។ មូលហេតុ គឺរបបមុនៗបានជំពាក់លុយជប៉ុន ជាពិសេសរបប លន់ នល់ អីចឹងជប៉ុនគិតទាំងការ ទាំងដើម និងប្រាក់ពិន័យ ដែលជាក្រឹត្យក្រមធម្មតា បើយើងមិនទាន់សងលុយគេទេ មិនអាចខ្ចីលុយគេថែមបានទេ ប៉ុន្តែសុំអរគុណជប៉ុន ដែលមានវិធីដោះបំណុល រឿងនេះជាបទពិសោធន៍មួយ ដែលប្រទេសនានាអាចរៀនសូត្រ ពីជប៉ុន ត្រង់ថាជប៉ុនដឹងថាយើងអត់មានលុយ ជប៉ុនផ្តល់ទំនិញឲ្យមកកម្ពុជា យកមកលក់ ដល់លក់បានហើយ គាត់អត់លុយទៅជប៉ុនទេ គាត់យកលុយទៅដាក់រតនាគារ ដល់តែបានលុយគ្រប់យើងយកលុយជប៉ុនសងជប៉ុនវិញ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះសម្តេចអាចថ្លែងដោយមោទនភាពថា ទំនាក់ទំនងកម្ពុជា និងជប៉ុន ដើរដល់ដំណាក់កាលថ្មីមួយ គឺដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគិតទាំងបំណុលមរតក ត្រឹមដំណាច់ឆ្នាំ២០២២ កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ៩.៩៩ប៊ីលានដុល្លារ ក្នុងនោះ ៩៩.៨២% ត្រូវនឹងប្រមាណ ៩.៩៧ប៊ីលានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខណ្ឌទ្វេភាគី ៦៨% និងប្រកខណ្ឌពហុភាគី ៣២%) និង ០.១៨% ត្រូវជា១៧.៥១លានដុល្លារ។ ក្នុងចំណោមបំណុលសាធារណៈទាំងជិត ១០ពាន់លានដុល្លារ ក្នុងនោះជំពាក់បំណុលជប៉ុនស្មើនឹង ១១% នៃបំណុលសរុប៕