អភិបាលខេត្តពោធិ៍សាត់ និងនាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជួបពិភាក្សាគ្នាលើការងារអភិរក្ស និងការពារព្រៃឈើ នៅតំបន់រេដបូកជួរភ្នំក្រវាញ


(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យកញ្ញាបណ្ឌិត Suwanna Gauntlett ស្ថាបនិក នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជុំវិញលទ្ធផល និងជោគជ័យដែលរួមគ្នាសម្រេចបាន ក្នុងតំបន់ការពារធម្មជាតិរយៈពេលកន្លងមក ដោយផ្តោតសំខាន់លើគម្រោងកាបូនរេដបូកតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះដែរ បានការចូលរួមពីសំណាក់លោក ចេង ឡៃ, លោក សាយ សុជាតិ និងលោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីកញ្ញា បណ្ឌិត Suwanna Gauntlett បានជម្រាបជូនថា ចាប់តាំងពីលោកចាកចេញពីខេត្តពោធិ៍សាត់ទៅ គឺមានការបំផ្លិចបំផ្លាញព្រៃឈើច្រើនណាស់នៅស្រុកវាលវែង ជាក់ស្តែងផ្ទៃដីព្រៃឈើជាង២ពាន់ហិកតា ត្រូវបានបំផ្លិចបំផ្លាញ ដូចមានក្នុងផែនទីច្បាស់លាស់។

នាយិកាប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសាទរចំពោះវត្តមាន របស់លោក ខូយ រីដា ដែលត្រូវរាជរដ្ឋាភិបាល សម្រេចតែងតាំងជាអភិបាលខេត្តពោធិ៍សាត់ សម្រាប់បន្តភាពជាដៃគូ ក្នុងការពង្រឹងការពារ និងថែរក្សាព្រៃឈើ ដែលនៅសេសសល់ ក្នុងតំបន់ជួរភ្នំក្រវាញ ស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចមិនឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការចុះហត្ថលេខាលើលិខិតទិញលក់ដីព្រៃខុសច្បាប់នោះឡើយ។

ស្របគ្នានោះ កញ្ញា បណ្ឌិត Suwanna Gauntlett ក៏បានលើកឡើងពីកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅតំបន់ព្រៃឡង់ ហើយលោកស្រីក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តមនាយកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានជួយជ្រោមជ្រែង និងចាត់បញ្ជូនកម្លាំងអាវុធហត្ថបន្ថែម២០នាក់ទៀត សម្រាប់ចួលរួមការពារព្រៃឈើនៅតំបន់រេដបូក។

បន្ទាប់ពីបានប្រជុំពិភាក្សាគ្នាយ៉ាងលំអិត រយៈពេលជិត១ម៉ោងកន្លះ ជាការឆ្លើយតប  ឯកឧត្តម ខូយ រីដា បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលកន្លងមកបានសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងល្អ ជាមួយមន្រ្តីបរិស្ថាន ឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ទ្ធនានា សម្រាប់តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រនៃខេត្តពោធិ៍សាត់។ ពិតណាស់ថាតំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់ ត្រូវការកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ពទ្ធ័ ក្នុងការធានាបាននូវនិរន្តភាពការពារសក្តានុពលបរិស្ថាន និងអភិរក្សធនធានធម្មជាតិ សម្រាប់តំកល់ជូនឧត្តមប្រយោជន៍ដល់ក្មេងជំនាន់ក្រោយ ហើយឯកឧត្តមក៏សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគម្រោងនេះផងដែរ។

ឯកឧត្តមបន្ថែមថា មួយរយៈកន្លងមកនេះ ឯកឧត្តមបានតាមដានអំពីសភាពការណ៍បំផ្លិចបំផ្លាញធនធានធម្មជាតិ គឺមានការសោកស្ដាយខ្លាំងណាស់ ហើយលោកក៏អស់ជម្រើសក្នុងការនិយាយជាមួយអង្គភាពជំនាញទៀតដែរ គឺមានតែអនុវត្តវិធានការរដ្ឋបាលផ្លូវច្បាប់ទេ ដើម្បីចាត់ការមន្ត្រីមួយចំនួន ដែលគ្មានសមត្ថភាពឈរជើងនៅក្នុងតំបន់ទាំងអស់នោះ។

បន្ថែមពីនោះ លោកអភិបាលខេត្តក៏សូមស្នើដល់ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូរ សូមពន្លឿនក្នុងការបោះបង្គោលព្រំដីតំបន់ការពារធនធានធម្មជាតិឱ្យបានលឿន កុំឱ្យមានការស្រពិចស្រពិលជាមួយតំបន់ទីប្រជុំជន ព្រោះទៅថ្ងៃខាងមុខ ខេត្តមានគម្រោងរៀបចំឃុំថ្មដា ជាទីក្រុងសេដ្ឋកិច្ច ឃុំអូរសោម ជាទីក្រុងទេសចរណ៍ និងឃុំប្រម៉ោង ជាទីក្រុងរដ្ឋបាល។

សូមបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដោយមានគោលបំណងបីយ៉ាងធំៗគឺ៖

* ទី១៖ ដើម្បីបានជាប្រយោជន៍ សម្រាប់ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន
* ទី២៖ ដើម្បីរក្សាការពារព្រៃឈើឱ្យនៅគង់វង្ស ដោយសារតែព្រៃឈើ គឺជាកន្លែងស្ដុកកាបូនសម្រាប់លក់
* ទី៣៖ ដើម្បីនាំប្រាក់ចំណូលជូនរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់អ្នកទិញឥណទានកាបូនព្រៃឈើនៃតំបន់ជួរភ្នំក្រវាញ គឺមកពីទ្វីបអឺរុប និងអាមេរិក ហើយការលក់បានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០១៩មកម្ល៉េះ។ ចំពោះជំនួយហិរញ្ញវត្ថុដែលផ្តល់ជួនខេត្តរយៈពេលកន្លងមក គឺជាលទ្ធផលផ្ទាល់ នៃការលក់ឥណទានកាបូនព្រៃឈើជួរភ្នំក្រវាញ ទៅឱ្យក្រុមហ៊ុនអន្ដរជាតិ ដែលទិញពិន្ទុះឥណទានស្រូបកាបូន ជាថ្នូរនឹងការបំភាយឧស្ម័នកាបូនិច នេះមានន័យថាប្រជាពលរដ្ឋនៅតំបន់ជួរភ្នំក្រវាញ កំពុងតែធ្វើការដោយមានភ្ជាប់ចំណងផ្ទាល់ ជាមួយក្រុមហ៊ុននានា នៅឯក្រៅប្រទេស ដើម្បីទប់ស្កាត់ឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុសកល៕