ឯកឧត្តម ប៉ាន សូរស័ក្ដិ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា​សហគមន៍​សេដ្ឋកិច្ចអាស៊ានលើកទី២២


នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន​សម្រាប់​កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា​សហគមន៍សេដ្ឋកិច្ច​អាស៊ានលើកទី២២ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក AIRLANGGA HARTARTO រដ្ឋមន្ត្រីសម្រប​សម្រួល​កិច្ចការសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានក្រុម​ប្រឹក្សា​សហគមន៍សេដ្ឋកិច្ចអាស៊ាន ព្រមទាំងមានការចូលរួមពីបណ្តារដ្ឋមន្ត្រីក្រុម​ប្រឹក្សា​សហគមន៍សេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខា​ធិការអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រី​សម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត និងគណៈប្រតិភូ ក៏បាន​ចូលរួមក្នុងនាមជាសមាជិកសង្កេតការណ៍ផងដែរ។

ជាកិច្ចចាប់ផ្តើម ប្រធានអង្គប្រជុំបានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះ​បណ្តា​រដ្ឋមន្ត្រីក្រុមប្រឹក្សា សហគមន៍សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការអាស៊ាន គណៈ​ប្រតិ​ភូ​សមាជិកអាស៊ាន មន្ត្រីលេខាធិការដ្ឋានអាស៊ាន និងរដ្ឋមន្ត្រីសម្រប​សម្រួល​កិច្ច​ការ​សេដ្ឋកិច្ចរបស់ប្រទេសទីម័រខាងកើត ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបាន
ផ្តល់​ការ​គាំទ្រដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាស៊ាន​សម្រាប់​ឆ្នាំ​២០២៣។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងពិនិត្យ ផ្តល់អនុសាសន៍ណែនាំកត់​សម្គាល់ អនុម័ត ក៏ដូចជាចែករំលែកនូវទស្សនៈគ្នាទៅវិញទៅមករវាង​បណ្តារដ្ឋមន្ត្រីក្រុម​ប្រឹក្សា​សហគមន៍សេដ្ឋកិច្ចអាស៊ានលើរបៀបវារៈសំខាន់ៗ រួមមាន៖ (១) វឌ្ឍនភាព​ នៃកិច្ច​ការ​និងគំនិតផ្តួចផ្តើមនានារបស់អាស៊ានពាក់ព័ន្ធនឹងការអភិវឌ្ឍប្រកបដោយចីរភាព (២) ដំណើរការនៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់ ដែលជា​សមិទ្ធ​ផលអាទិភាពសេដ្ឋកិច្ចមួយរបស់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣ (៣) ទស្សន​វិស័យសេដ្ឋកិច្ចតំបន់និងសាកល (៤) វឌ្ឍនភាពនៃសមិទ្ធផល អាទិភាពសេដ្ឋកិច្ច ព្រមទាំងអាទិភាពប្រចាំឆ្នាំ ក្រោមភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី (៥) វឌ្ឍន​ភាពនៃការបង្កើតក្របខ័ណ្ឌសម្រាប់ការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (៦) វឌ្ឍនភាពនៃការ​អនុវត្តនិងអនុលោមភាព​ទៅនឹងផែនការ​លម្អិត​សហ​គមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ (៧) ការត្រៀមរៀបចំនានារបស់​សហ​គមន៍​សេដ្ឋកិច្ចអាស៊ានសម្រាប់ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ (៨) ដំណើរការ និង វឌ្ឍនភាពនានានៃសំណើរបស់ទីម័រខាងកើតក្នុងការចូលជាសមាជិកអាស៊ាន និង (៩) ការត្រៀមរៀបចំនានារបស់សសរស្តម្ភ សហគមន៍សេដ្ឋកិច្ចអាស៊ាន​សម្រាប់​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី៤២ ជាដើម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោត​សររសើរ​ដល់​ប្រទេសឥណ្ឌូនេស៊ី ដែលបានទទួលបដិសណ្ឋារកិច្ចនិងរៀបចំកិច្ចប្រជុំបានល្អ។

បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបានជម្រាបជូនអង្គប្រជុំ​អំពីវឌ្ឍនភាព​គួរឱ្យ​កត់​សម្គាល់នៃសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ ក្រោមភាពជាប្រធាន​អាស៊ាន​របស់​កម្ពុជា ដែលក្នុងនោះក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចសរុបចំនួន១៩ អាស៊ានសម្រេចបានចំនួន១៦ ខណៈសមិទ្ធផលអាទិភាព​ចំនួន៣ទៀត គ្រោងនឹង​បញ្ចប់ក្នុងឆ្នាំ២០២៣នេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានសម្តែងការប្តេជ្ញាចិត្តរួមគ្នា​ជាមួយនឹងបណ្តា​ប្រទេស​សមា​ជិកអាស៊ានទាំងអស់ ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការ​យ៉ាងជិត​ស្និទ្ធជា​មួយ​ឥណ្ឌូ​នេស៊ី សំដៅជំរុញឱ្យសមិទ្ធផលអាទិភាពសេដ្ឋកិច្ច ក៏ដូចជាកិច្ចការអាទិភាព​នានា ​ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានទទួលបាននូវលទ្ធផល និងផ្លែ​ផ្កាជាទីគាប់ចិត្ត ក្រោមភាពជាប្រធានអាស៊ានឆ្នាំ២០២៣ របស់ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ បន្ថែមពីនោះ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យ​ក្រុមការ​ងារពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ខិត​ខំ​ប្រឹងប្រែងតាមដានការអនុវត្តការងារឱ្យបានទៀងទាត់ ដើម្បីសម្រេចបាននូវ​សមិទ្ធ​ផល​អាទិភាព និងគំនិតផ្តួចផ្តើមនានា ដែលស្ថិតក្រោមសមត្ថកិច្ចរៀងៗខ្លួន ឱ្យទទួល​បានជោគជ័យជាអតិបរមា៕