អភិបាលខេត្តស្វាយរៀង អញ្ជើញចែករង្វាន់ជូនកម្មករ និយោជិកឆ្នើម ដែលបម្រើការងារនៅក្រុមហ៊ុន SAI LUN Co.td ក្នុងក្រុងស្វាយរៀង


ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក YUAN ZHONGXUE យន់ ជុងសៀ នាយកមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកៅស៊ូ និងសំបកកង់ជាតិ នៃប្រទេសចិន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជេីញចែករង្វាន់ជូនកម្មករ និយោជិកឆ្នេីមដែលបម្រើការងារនៅក្នុងក្រុមហ៊ុន SAI LUN Co.,td ប្រចាំនៅក្រុងស្វាយរៀង។

លោក ស្រី LIU YANHUA ប្រធានក្រុមប្រឹក្សាភិបាល នៃសហគ្រាសសៃលុន បានថ្លែងថា ក្រុមហ៊ុន Sailun (CART TIRE CO.,LTD) ចាប់តាំងពីការចាប់ផ្តើមសាងសង់ ក្នុងខែមីនា ឆ្នាំ២០២១ កន្លងមកដោយមានការយកចិត្តទុកដាក់ និងការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងដោយមានការជួយជ្រោមជ្រែង និងការណែនាំពីសំណាក់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងមិត្តភក្តិក្នុងវិស័យនានានៃសង្គមទាំងអស់ គម្រោងនេះត្រូវបានដំណើរបាន ដោយយ៉ាងលំនឹងល្អ និងបង្កើតបាននូវកំណត់ត្រាមួយដែលបានចាប់ផ្ដើមសាងសង់ផលិតសំបកកង់ និងលក់សំបកកង់នៅក្នុងឆ្នាំតែមួយ គឺឆ្នាំ២០២១។

លោកស្រីបានបញ្ជាក់ថា សមិទ្ធផលនេះមិនអាចកាត់ផ្តាច់ចេញពីការលះបង់ដោយមិនគិតពី ប្រយោជន៍ផ្ទាល់ខ្លួនរបស់បុគ្គលិកកម្ពុជាឡើយ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីថ្លែង អំណរគុណ លើកសរសើរ និងលើកទឹកចិត្តដល់បុគ្គលិកកម្ពុជា និងដើម្បីផ្សព្វផ្សាយវប្បធម៌របស់ SAILUN គឺជា «ផលប្រយោជន៍បុគ្គលិកជាចំបង»។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Silun Group មានមូលដ្ឋានផលិតធំៗ៨នៅលើពិភពលោក។ រោងចក្រកម្ពុជា គឺជារោងចក្រយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន Sailun Group ក៏មានក្តីសង្ឃឹម និងការរំពឹងទុកខ្ពស់ សម្រាប់ការអភិវឌ្ឍរបស់រោងចក្រកម្ពុជា។

លោកស្រីបានបន្ថែមថា គម្រោងនៅកម្ពុជា គឺជាយុទ្ធសាស្ត្រដ៏សំខាន់នៃប្លង់សកលរបស់ក្រុមហ៊ុន Sailun Group។ យើងបានដាក់ឧបករណ៍ផលិតដ៏ឆ្លាតវៃ និងសម្ភារៈមានដំណើរ ការទំនើបបំផុតចូលទៅក្នុងមូលដ្ឋានកម្ពុជា ដែលបច្ចុប្បន្ននេះ យើងទិញកៅស៊ូ ធម្មជាតិទាំងអស់ពីប្រទេសកម្ពុជាមកប្រើសប្រាស់។ មកដល់ពេលនេះ ការវិនិយោគជាក់ស្តែងរបស់យើងគឺប្រហែល៥៥០លានដុល្លារ ហើយផ្ទៃដីជាក់ស្តែងមានប្រហែល១.២១លានម៉ែត្រការ៉េ ហើយនឹងបន្តបង្កើនការវិនិយោគ និងការអភិវឌ្ឍនាពេលអនាគតបន្ថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកអគ្គនាយកក្រុមហ៊ុនសាយលន់ ស្ថិតក្នុងតំបន់សេដកិច្ចពិសេសឈីលូ ក្រុងស្វាយរៀង ដែលបានរៀបចំពិធីផ្តល់រង្វាន់ម៉ូតូចំនួន៣០គ្រឿង ដេីម្បីលេីកទឹកចិត្តដល់បុគ្គលិកឆ្នេីម ក្នុងការបម្រើការងារបានល្អជូនក្រុមហ៊ុន ជារៀងរាល់ឆ្នាំដែលរង្វាន់ម៉ូតូ នឹងកេីនឡេីងនៅឆ្នាំបន្តបន្ទាប់ទៀត សម្រាប់បុគ្គលិករបស់ក្រុមហ៊ុន។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមសូមថ្លែងអំណរគុណ និងសូមគាំទ្រទាំងស្រុងចំពោះដៃគូវិនិយោគរបស់ក្រុមហ៊ុន សាយ លន់ ដែលបានមកបណ្តាក់ទុននៅខេត្តស្វាយរៀង ដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ ដែលនាំមកនូវផលប្រយោជន៍ ដោយបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត។ ទន្ទឹមនេះរដ្ឋបាលខេត្តគាំទ្រជានិច្ច ពិសេសការដោះស្រាយបញ្ហាប្រឈមនានា ការយកចិត្តទុកដាក់លេីការថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អជូនដល់ក្រុមហ៊ុនទាំងអស់ដែលមាននៅក្នុងខេត្តស្វាយរៀង។

បើតាម ឯកឧត្តម សរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឲ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្តដំបូងគេនេះ មាននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយហើយ រោងចក្រផលិតសំបកកង់រថយន្តនេះ នឹងធ្វើឲ្យក្លាយទៅជារោងចក្រធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វត្តមានរោងចក្រផលិតសំបកកង់រថយន្តដំបូងគេបង្អស់សម្រាប់ខេត្តស្វាយរៀង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដី ធ្វើឲ្យអ្នកវិនិយោគទុនជាច្រើន បានមកបណ្តាក់ទុនរកស៊ី នៅក្នុងខេត្តស្វាយរៀងមួយនេះ៕