រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាអប់រំ​ពិភពលោកនៅចក្រភពអង់គ្លេស និងឆ្លៀតឱកាសកសាងទំនាក់ទំនងជាមួយអ្នកចូលរួមមកពីជុំវិញពិភពលោក


(អង់គ្លេស)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមវេទិកាអប់រំ​ពិភពលោកលើកទី១៩ ក្រោមប្រធានបទ៖ ការបណ្តុះវប្បធម៌សិក្សា ការកសាងភាពធន និងការលើកកម្ពស់ចីរភាព សម្រាប់ការអប់រំកាន់តែប្រសើរឡើងប្រកបដោយភាពច្នៃប្រឌិត ភាពរឹងមាំ និងភាពក្លាហាន។

វេទិកាពិភពលោកលើកទី១៩នេះប្រព្រឹត្តទៅពីថ្ងៃទី៧-១០ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអេលីហ្សាប៊ែតទី២ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអប់រំ ដើម្បីទទួលបានធាតុចូលសម្រាប់ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធនឹងការអប់រំបណ្តុះបណ្តាលឱ្យមានភាពធន់ រួមទាំងមូលដ្ឋាននៃការសិក្សាកម្រិតដំបូង ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល វិស័យឯកជន អ្នកជំនាញខាងអប់រំ និងបណ្តុះបណ្តាលជំនាញ និងដៃគូអភិវឌ្ឍន៍ មកពីបណ្តាប្រទេសជុំវិញពិភពលោកចំនួន១១៨ប្រទេស។

វេទិកាអប់រំពិភពលោក​គឺជា​វេទិកានៃការប្រមូលផ្តុំរដ្ឋមន្ត្រីអប់រំ និង​បណ្តុះបណ្តាលជំនាញបច្ចេកទេសដ៏​ធំបំផុតក្នុងពិភពលោក ដើម្បីជជែកវែកញែកពីគោលនយោបាយអប់រំទៅថ្ងៃអនាគត ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ ក៏ដូចជាដើម្បីវាយតម្លៃ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទូទៅរបស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញបច្ចេកទេស។

វេទិកានេះត្រូវបានរៀបចំឡើងក្រោមការសហការគាំទ្រដោយក្រសួងអប់រំ ក្រសួងធុរកិច្ចនិងពាណិជ្ជកម្ម និងក្រសួងការបរទេសចក្រភពអង់គ្លេស និងក្រុមប្រឹក្សាជាតិអង់គ្លេស (British Council)។

ក្នុងកម្មវិធីនៃវេទិកាអប់រំនេះក៏មានការថ្លែងសុន្ទរកថារបស់វាគ្មិនសំខាន់ៗ​ ព្រមទាំងមានការពិភាក្សា និងផ្លាស់ប្តូរគំនិតថ្នាក់រដ្ឋមន្ត្រី។​ ក្រៅពីនេះក៏មានការរៀបចំឱ្យមានការពិភាក្សាក្រៅផ្លូវការ និងឱកាសដើម្បីកសាងទំនាក់ទំនង (Networking) រវាងអ្នកចូលរួមទាំងអស់ផងដែរ៕