ឯកឧត្តមហ៊ុន ម៉ានី៖ រដ្ឋាភិបាលតែងតែគិតគូរជានិច្ចដល់ ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអាទិភាព


(ព្រះវិហារ)៖ នាឱកាសជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធប្រចាំទិសទី១ ទី២ និងទី៣ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រៅពីការនាំយកអាវភ្លៀង និងសម្ភារសំខាន់ៗជូនបងប្អូនកងកម្លាំង ឯកឧត្តម ហ៊ុន ម៉ានី បានសំណេះសំណាលជាមួយកងកម្លាំង និងរំលឹកឡើងវិញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យសេដ្ឋកិច្ច ដែលបានរីកដុះដាលឡើងវិញ ក្រោមម្លប់សុខសន្តិភាព។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា សមិទ្ធផលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការទាក់ទាញវិនិយោគទុនជាបន្តបន្ទាប់ កើតចេញពីការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងមានការគិតគូរខ្ពស់ដល់ប្រជាជនជាធំ។ ភាពរីកចម្រើននៃសេដ្ឋកិច្ច នឹងផ្តល់មកនូវឱកាសការងារ ក៏ដូចជាការតម្លើងប្រាក់បៀវត្សរ៍មន្រ្តីរាជការ ជាពិសេសកងកម្លាំងប្រដាប់អាវុធ នេះហើយជាគោលដៅអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាល។

ផ្សាភ្ជាប់ជាមួយនឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ទៅកាន់កងកម្លាំងថា «សូមឲ្យកងកម្លាំងគ្រប់រូបបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាអ្វីៗដែលរដ្ឋាភិបាលបាននឹងកំពុងអនុវត្ត គឺដើម្បីកម្ពុជារស់នៅប្រកបដោយភាពសំបូរសប្បាយ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាលំដាប់ ជាពិសេស ជីវភាពរបស់កងកម្លាំង និងគ្រួសារ»។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្ថែមទៀតថា កងកម្លាំងប្រដាប់អាវុធ បានដើរតួរយ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព និងធ្វើយ៉ាងណាមិនឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាច។ កងកម្លាំងបានត្រៀមខ្លួនជានិច្ចក្នុងការការពារទោះក្នុងកាលៈទេសៈណាក៏ដោយ។

សូមជម្រាបថា កម្មវិធីចែកអាវភ្លៀងនៅតាមគណៈបញ្ជាការឯកភាពប្រចាំទិសទី១ ទី២ និងទី៣ គឺជាការបង្ហាញយ៉ាងជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់នាំកំពូលកម្ពុជាដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់កងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន៕