ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ជួបសំណេះសំណាលជាមួយប្រជាការពារនៅស្រុកពញាឮជាង២ពាន់នាក់ និងចាត់ទុកថា ពួកគេបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន


ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាឮ ខេត្តកណ្តាល និងក្រុមការងារ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាការពារប្រចាំស្រុកពញាឮ ចំនួន២,០៧១នាក់។

ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិ បានថ្លែងថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អ ជាមួយនឹងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិ ឃុំ មានសុវត្ថិភាព។ ដ្បិតប្រជាការពារបម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង។

ឯកឧត្តមបន្តថា យើងមានថ្ងៃនេះ ដោយសារប្រទេសយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចនេះ យើងទាំងអស់គ្នាត្រូវការពារឲ្យបាននូវសន្តិភាព។

ឯកឧត្តម លឹម គានហោ បានបន្ថែមថា សម្រាប់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់ប្រជាការពារនាពេលនេះ គឺជាការលើកទឹកចិត្តដល់កម្លំាង ប្រជាការពារ ដែលបានខិតខំបម្រើសង្គមនាពេលកន្លងមក ម្យ៉ាងវិញទៀត ដោយសារតែប្រជាការពារពុំមានប្រាក់ខែ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិ បានឧបត្តម្ភដល់ប្រជាការពារទាំង ២,០៧១នាក់ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន៤០,០០០ រៀល នឹងបន្តឧបត្ថម្ភជាបន្តបន្ទាប់ទៀត៕