ក្រសួងបរិស្ថាន អាជ្ញាធរខេត្ត អ្នកអភិរក្ស ពលរដ្ឋ និងសិស្សជាង៤០០នាក់ ចាប់ផ្តើមដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តកំង់ស្ពឺ


មន្ត្រីក្រសួងបរិស្ថាន អាជ្ញាធរខេត្តកំពង់ស្ពឺ អង្គការសង្គមស៊ីវិល និងក្រុមអ្នកសារព័ត៌មាន និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងសិស្សានុសិស្សជាង ៤០០នាក់ បានដង្ហែក្បួនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅទីខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ។

យុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅខេត្តកំពង់ស្ពឺ ធ្វើឡើងក្នុងគោលបំណងសំខាន់កាត់បន្ថយ និងទប់ស្កាត់ចំនួនអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជានៅក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងឡើងក្នុងចំណោមសាធារណជន។

យុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ ដែលបានឆ្ពោះមកកាន់ខេត្តកំពង់ស្ពឺនេះ បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងខេត្តរតនគិរី កាលពីឆ្នាំ២០២២ ក្រសួងបរិស្ថានបានសហការជាមួយអង្គការដៃគូអភិរក្ស និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

ពិធីបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ លើទឹកដីខេត្តកំពង់ស្ពឺនេះដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ, ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

សម្រាប់ខេត្តកំពង់គឺជាខេត្តទី២ នៃយុទ្ធនាការអន្ទាក់សូន្យ ដែលត្រូវបានទទួលការរៀបចំដោយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អង្គការអភិរក្សអន្តរជាតិ (CI) អង្គការ WWF, USAID, អង្គការ WA, អង្គការ WEA, ACCB, MJP, អង្គការ WCS, អង្គការ Birdlife, អង្គកា រFFI, អង្គការ RECOFTC និងបណ្តាអង្គការក្នុង និងក្រៅស្រុកមួយចំនួនទៀត ដោយសហការឧបត្ថម្ភគាំទ្រការរៀបចំដោយអាជ្ញាធរខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន។

ស្ថិតក្រោមទិសដៅ «អន្ទាក់សូន្យនៅក្នុងគ្រប់តំបន់ការពារនៃប្រទេសកម្ពុជា» សេចក្តីរំពឹងរបស់យុទ្ធនាការនេះគឺ៖

*ការស្នើរសុំការអនុម័តចេញសេចក្តីប្រកាសការហាមឃាត់ការដាក់អន្ទាក់ និងសំរាមការនាំសត្វឆ្កែទៅក្នុងតំបន់ការពារ និងធ្វើការដាក់ទោសទណ្ឌឱ្យធ្ងន់ធ្ងរចំពោះអ្នកដែលប្រព្រឹត្តិខុស។
*បង្កើតក្រុមភ្នាក់ងារអនុវត្តន៍ច្បាប់សភាគឺទទួលខុសត្រូវក្នុងការអនុវត្តន៍ច្បាប់ប្រឆាំងការជួញដូរការប្រើប្រាស់ សត្វព្រៃដោយខុសច្បាប់ ត្រួតពិនិត្យ តាមដាន នៅតាមទីផ្សារ សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងតាមរមណីដ្ឋានទេសចរនានា។
*បង្កើតគោលការណ៍ណែនាំសុខភាពសាធារណៈពាក់ព័ន្ធទៅនឹងការរកសត្វព្រៃសម្រាប់ជាម្ហូបអាហារដែលចេញសេចក្ដីប្រកាសដោយក្រសួងសុខាភិបាលពិភពលោកខែមេសា ឆ្នាំ២០២១។
*ចូលរួមជាសាធារណៈក្នុងការផ្លាស់ប្តូរឥរិយាបទការបញ្ចប់ការប្រើប្រាស់ ការបរិភោគសាច់សត្វព្រៃ

ប្រធានយុទ្ធនាការអន្ទាក់សូន្យ បានគូសបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យរៀបចំឡើងក្នុងគោលដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជនទៅអំពីផលវិបាកនៃការដាក់អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិផងដែរ។ យុទ្ធនាការក៏នឹងបន្តផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីភាពចាំបាច់ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ខេត្តកំពង់ស្ពឺ មានតំបន់ការពារអភិរក្សធនធានធម្មជាតិចំនួន៦កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំសរុប ២០៧,៦៧៩ហិកតា ក្នុងនោះឧទ្យានជាតិព្រះមុនីវង្សបូកគោមានទំហំ ២,៦៣៧ហិកតា, ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគិរីរម្យ ១៩,៤៣៦ហិកតា, ឧទ្យានជាតិជួរភ្នំក្រវាញត្បូង ១៣,២៦០ហិកតា, ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ១៧,៣០៧ហិកតា, ច្រករបៀងជីវចម្រុះ ១៣,៨៣៩ហិកតា និងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ១៤១,២០០ហិកតា ព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ឆ្នាំង ខាងត្បូងជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពត ខាងកើតជាប់នឹងខេត្តកណ្តាល ខាងលិចជាប់នឹងខេត្តពោធិ៍សាត់ និងខេត្តកោះកុង មានមន្រ្តីឧទ្យានុរក្សចំនួន ៧៩នាក់ កំពុងប្រចំាការតាមតំបន់ការពារធម្មជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងស្រុកចំនួន៣ គឺស្រុកថ្ពង ស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច៕