លោកជំទាវ យក់ សម្បត្ដិ៖ មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់សម្រេចបាន ៩០% គ្រោងនឹងបញ្ចប់ជាស្ថាពរ នៅចុងខែឧសភានេះ


លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានបញ្ជាក់ថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់សម្រេចបានប្រមាណ ៨៥-៩០% ហើយ ដែលការសាងសង់នេះគ្រោងនឹងបញ្ចប់ការជាស្ថាពរនៅចុងខែឧសភា ឆ្នាំ២០២៣នេះ។

ការថ្លែងដូច្នេះរបស់លោកជំទាវវេជ្ជបណ្ឌិត ក្នុងឱកាសដឹកនាំគណៈប្រតិភូសុខាភិបាល ដែលមានការអញ្ជើញចូលរួមពីអភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យពីវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលត្រៀមសម្ពោធជាផ្លូវការនៅចុងខែមិថុនាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះថា ថ្ងៃនេះគណៈប្រតិភូចម្រុះ ដែលមានក្រសួងសុខាភិបាល អភិរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អ្នកគ្រប់គ្រង គណៈគ្រប់គ្រងមន្ទីរពេទ្យជាតិ តេជោសនិ្ដភាព បានចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់ ក៏ដូចជាការបំពាក់សម្ភារៈបរិក្ខារពេទ្យនៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

«តាមការវាយតម្លៃយើងសង្គេតឃើញថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព សាងសង់បានប្រហែលជា ៨៥-៩០% ដូច្នេះនៅតែការងារបន្ទាប់បន្សំប្រហែលជា ១០-១៥% ប៉ុណ្ណោះ ដែលក្រុមហ៊ុនសាងសង់ នឹងបន្ដសហការគ្នាជាមួយគណៈគ្រូពេទ្យ ក៏ដូចជាក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ដើម្បីខិតខំប្រឹងប្រែងរួមគ្នា ឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុកនៅចុងឧសភានេះ»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកស្រី។

លោកជំទាវវេជ្ជបណ្ឌិតបានថ្លែងបន្ដទៀតថា ក្រុមការងារទាំងអស់បានខិតខំប្រឹងប្រែង ធ្វើយ៉ាងម៉េចឱ្យការងារសាងសង់នេះទទួលបានជោគជ័យតាមគ្រោងទុក ដើម្បីបម្រើប្រជាពលរដ្ឋយើង ហើយក្នុងឱកាសដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះព្រឹត្ដិការណ៍កីឡាស៊ីហ្គេម មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ក៏បានពិនិត្យពិគ្រោះ និងព្យាបាលសុខភាព ជូនកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពយ៉ាងយកចិត្ដទុកដាក់បំផុតផងដែរ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ រួមទាំងប្រជាពលរដ្ឋយើងតាមបណ្ដាលខេត្ដ ដែលមកទស្សនានូវព្រឹត្ដិការណ៍កីឡាស៊ីហ្គេមនេះ។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា ក្រសួងសុខាភិបាល ដែលមានរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ជាអ្នកដឹកនាំ ក្រុមការងារ ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល គណៈនាយកគ្រប់គ្រងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រួមជាមួយសាលារាជធានីភ្នំពេញ សូមគោរពថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ដែលសម្ដេចតែងតែយកចិត្ដទុកដាក់ខ្ពស់ លើសុខភាពប្រជាពលរដ្ឋ ពិសេសក្នុងការត្រៀមលក្ខណៈជាស្រេច ប្រសិនបើក្នុងករណីផ្ទុះនូវជំងឺឆ្លងណាមួយ មន្ទីរពេទ្យជាតិនេះ ដែលមានជាង ១ម៉ឺនគ្រែ នឹងអាចទ្រទ្រង់សភាពការណ៍បាន ដើម្បី បម្រើសេវាពិនិត្យព្យាបាលជូនប្រជាពលរដ្ឋយើង ដោយមិនឱ្យមានការព្រួយបារម្ដឡើយ ហើយយើងក៏មានទំនុបចិត្ដថា​ មន្ទីរពេទ្យជាតិនេះ នឹងជួយព្យាបាលដល់កម្មករ-កម្មការិនី ដូចជាកីឡាករ កីឡាការិនី និងប្រជាពលរដ្ឋយើងទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដ»។

គួររម្លឹកថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានសាងសង់ឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានចំណុះជាង១ម៉ឺនគ្រែ ដែល ត្រូវបានធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសាងសង់កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែឧសភា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2) អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) ទាំងអស់ មានប្រមាណ១ម៉ឺនគ្រែ ជាមួយនិងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P) សួនច្បារ (G3) មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A) អគារស្នាក់នៅសម្រាប់បុគ្គលិក (S) ។សម្រាប់អគារ A, S, E, H1, H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗ សុទ្ធតែមានមុខងារសំខាន់ៗ ជាពិសេស អគារ T1, T2 ៕