សម្តេចពិជ័យសេនា ទៀ បាញ់៖ មោទនភាពខ្លាំងណាស់ដែលកម្ពុជា បានបញ្ចូលកីឡាអុកចត្រង្គ ក្នុងកីឡាស៊ីហ្គេម


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានមានប្រសាសន៍ថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា ប្រព្រឹត្តិទៅបានល្អ និងមោទនភាពខ្លាំងណាស់ដែលកម្ពុជា បានបញ្ចូលប្រភេទកីឡាអុកចត្រង្គ ក្នុងធម្មនុញ្ញកីឡាស៊ីហ្គេម។

ក្នុងឱកាសអញ្ជើញជាអធិបតីបំពាក់មេដាយជូនកីឡាករ-កីឡាការិនី អុកចត្រង្គ នាល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្តេចពិជ័យសេនា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា «កម្ពុជាពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានបញ្ចូលប្រភេទកីឡាអុកចត្រង្គ និងការរៀបចំការប្រកួតបានយ៉ាងរលូន ហើយនេះសុទ្ធសឹងតែជារឿងដែលកម្ពុជា មានបំណងប្រាថ្នាដ៏ធំធេងណាស់ ដើម្បីធ្វើឲ្យវិស័យកីឡាអុកចត្រង្គមានការរីកចម្រើន ដោយសារជាលើកដំបូងដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតអុកចត្រង្គ»

សម្តេចពិជ័យសេនា បន្តមានប្រសាសន៍ថា សមាគមក្នុងកីឡាអាស៊ីអាគ្នេយ៍ បានបញ្ចូលកីឡាអុកចត្រង្គនេះទៅក្នុងធម្មនុញ្ញរួចហើយ ដូច្នេះនឹងមានការចាត់បញ្ជូនកីឡាករចូលរួមការប្រកួតនៅគ្រប់ទិសទីទាំងអស់៕