សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អាស៊ាន អញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្រ នៃក្រុងឡាប៊ូនបាចូ


ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង ភរិយានាយក​រដ្ឋ​មន្ត្រី​ឡាវ ភរិយានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ភរិយាប្រធានាធិបតីហ្វីលីពីន ភរិយា​នាយក​រដ្ឋមន្ត្រីសឹង្ហបុរី បានអញ្ជើញទស្សនាតំបន់ទេសចរណ៍មាត់សមុទ្រដ៏ប្រណិត នៃក្រុង​ឡា​ប៊ូន​បាចូ នៃប្រទេសឥណ្ឌូណេស៊ី។

វត្តមានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយាថ្នាក់ដឹកនាំនៃប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ទទួលបានការធ្វើគារវកិច្ចយ៉ាងស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត ពីលោក​ស្រី ចូកូ វីដូដូ ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី។

ក្នុងដំណើរទស្សនកិច្ចនៅតំបន់កម្សាន្តឆ្នេរលំហែកាយមាត់សមុទ្រដ៏ប្រណិតនោះ ភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី បាន​អញ្ជើញ​គយគន់សម្រស់ធម្មជាតិ នៃតំបន់ឆ្នេរនៃក្រុងឡាប៊ូនបាចូ ពីលើជ្រលង​នៃអគារ​របស់ក្រុង។

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានដីកោះ ច្រើនជាងគេបំផុត នៅ​លើពិភពលោក ស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចន្លោះមហាសមុទ្រឥណ្ឌា និង​សមុទ្រ​​ចិនខាងត្បូង។ ប្រទេសដែលជាស្ថាបនិក និងជាសមាជិកអាស៊ាន ឬក៏គេ​ស្គាល់ជាទូទៅថា បងធំរបស់អាស៊ានមួយនេះ មានព្រំដែនគោក​ជាប់ជាមួយ​ប្រទេស​ម៉ាឡេស៊ី ទីម័រខាងកើត និងប៉ាពួរញូហ្គីណេ ព្រមទាំងមានព្រំដែនសមុទ្រជាប់​នឹង​អូស្រ្តាលី, ឥណ្ឌា, ប្រទេសដីកោះផាឡាវ (Palau), ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀត​ណាម។

ឥណ្ឌូណេស៊ីមានកោះរហូតដល់ទៅច្រើនជាង ១ម៉ឺន៧ពាន់កោះ និងស្ថិតនៅលើ​តំបន់​ខ្សែ​ក្រវាត់ភ្លើងនៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire) ជាហេតុ​ធ្វើ​ឱ្យ​ប្រទេសនេះតែងតែជួបប្រទះជាញឹកញាប់នូវគ្រោះរញ្ជួយដី និងបន្ទុះភ្នំភ្លើង។ កោះ​ដែលធំជាងគេមានដូចជាស៊ូម៉ាត្រា កោះជ្វា, ប័រណេអូ (Borneo) ឬហៅជាភាសា​ឥណ្ឌូ​ណេស៊ីកាលីម៉ាន់តាន់ (Kalimantan), ស៊ុឡាវេស៊ី (Sulawesi) និង ញូហ្គីណេ (New Guinea)។

ឥណ្ឌូណេស៊ីមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥណ្ឌូណេស៊ី មានរដ្ឋធានីឈ្មោះ ហ្សាការតា។ មានផ្ទៃដីទំហំ ១.៩លានគីឡូម៉ែត្រក្រឡា។ ជាប្រទេសកាន់របប​ប្រជា​ធិបតេយ្យធំបំផុតទី៣ លើលោកបន្ទាប់ពីឥណ្ឌា និងអាមេរិក។ ឥណ្ឌូណេស៊ីមានអ្នក​កាន់សាសនាឥស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក និងជាប្រទេសមាន​ប្រជា​ជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក ដែលមានប្រជាជនចំនួន ២៧៧.៦លាននាក់ (ឆ្នាំ២០២០) និងមានភាសាតំបន់សំខាន់ៗ ចំនួន ៣០០ភាសា។

ក្នុងដំណើរទស្សនាកម្សាន្តនាទីក្រុងឡាប៊ូនបាចូ ឧត្តមភរិយាប្រមុខរដ្ឋ និងប្រមុខ​រដ្ឋា​ភិបាលប្រទេសអាស៊ាន បានអញ្ជើញទទួលទានតែពេលព្រឹក ជាមួយការ​ស្តាប់​បទ​ចម្រៀង និងរបាំដែលច្រៀងដោយក្រុមកុមារ នៃក្រុងឡាប៊ូនបាចូ ពិសេសទាក់ទិន​ទៅ​និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្រុងឡាប៊ូនបាចូ។

ក្នុងពិធីស្វាគមន៍តាមបែបប្រពៃណីរបស់ជនជាតិឥណ្ឌូណេស៊ី ឧត្តមភរិយា​ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ​ភរិយា​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកទស្សនាតំបន់​ឆ្នេរលំហែរ​កាយមាត់សមុទ្រដ៏ល្អប្រណិត របស់ក្រុងឡាប៊ូនបាចូ។

ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រសិទ្ធពរ និងជូនពរភរិយាមេដឹក​នាំ​អាស៊ាន​ទាំងអស់ មានសុខភាពល្អបរិបូរណ៍ ពូលានុភាពរឹងមាំ បញ្ញាញាណភ្លឺថ្លា និងមាន​សុខ​សុវត្តិភាព ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញការងារ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូល ដ៏ស្រស់ស្អាតនេះ។

ជាការឆ្លើយតបទៅនិងប្រសាសន៍របស់ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត និងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណ​ជូន​ចំពោះភរិយាប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរៀបចំ​នូវ​កម្ម​វិធីដ៏ល្អនេះ។ ជា​ពិសេស​ភរិយាមេដឹកនាំអាស៊ានទាំងអស់ មិនអាចបំភ្លេចនូវសម្រស់ដ៏ល្អ ធម្មជាតិ​ពិតៗ នៃតំបន់ឆ្នេរសមុទ្ររបស់ក្រុងឡាប៊ូនបាចូ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសំដែង​របាំ​ និងចម្រៀង​របស់កុមារា កុមារី ដែលទាក់ទិនទៅនិងតំបន់ឆ្នេរដ៏ស្រស់ស្អាត ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសទាក់ទិនទៅនិងការធ្វើដំណើរតាមទូក កាណូត កាប៉ាល់ របស់ប្រជាជនរស់នៅក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូណេស៊ី។

សម្តេចកិត្តិព្រឹទួ្ធបណ្ឌិតមានអារម្មណ៍រីករាយបំផុត ដោយបានមានប្រសាសន៍​ទៅកាន់​ភរិយាប្រធានាធិបតីឥណ្ឌូណេស៊ីមុនពេលជំរាបលាថា ថ្ងៃណាមួយសម្តេច នឹង​អញ្ជើ​ញ​មកទស្សនាក្រុងឡាប៊ូនបាចូលជាថ្មីម្តងទៀត ដោយសាសម្តេច​មាន​អារម្មណ៍​ដក់​ជាប់និងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង នៃតំបន់ឆ្នេររបស់ក្រុងឡាប៊ូនបាចូ៕