សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន


ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលស្ថិតនៅក្នុងភូមិព្រៃតាព្រិត ឃុំសេ្តចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
ក្រោយពីបានស្តាប់ សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តមអភិបាលខេត្តកំពត អំពីការការរីកចម្រើនលើគ្រប់វិស័យនៅក្នុងដែនរដ្ឋបាលខេត្តកំពត និងស្តាប់របាយការណ៍សាងសង់របស់ តំណាងក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន សម្តេចភក្តី បានថ្លែងអបអរសាទរចំពោះក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលបានចូលរួមវិនិយោគលើ គម្រោងសាងសង់ រោងចក្រស៊ីម៉ងត៍ដ៏ធំ និងទំនើប នៅកម្ពុជា។ សម្តេចមានប្រសាសន៍បន្តថា រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំនេះ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់បង្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតនេះតែម្តង។
ចំពោះសម្មិទ្ធផលទាំងឡាយដែលខេត្តកំពត សម្រេចបានកន្លងមកដើម្បីឆ្លើយតបសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ សម្តេចក៏សូមអបអរសារទរ និងថ្លែងកោតសសើរ ជាពិសេសគឺសក្តានុពលសេដ្ឋកិច្ចដែលរួមមាន កត្តាភូមិសាស្រ្ត និងអំណោយផលជាធនធានធម្មជាតិ ដ៏សម្បូណ៍បែបមាននៅក្នុងខេត្ត ដែលជាប្រភពទុនអាចទាក់ទាញការចាប់អារម្មណ៍ ពីវិនិយោគិនជាតិ អន្តរជាតិឲ្យចូលមកដាក់ទុន វិនិយោគ ដែលរួមចំណែកយ៉ាងខ្លាំងក្លា និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ។
“សម្តេចពិតជាមានមោទនភាព ដែលបានមកកាន់ទីនេះ ដើម្បីធ្វើកិច្ចការដែលមានសារៈសំខាន់សម្រាប់អនាគតនៃប្រទេសជាតិរបស់យើង។ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាត្រូវបានទទួលស្គាល់ថា មានការផ្លាស់ប្តូរយ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម និងវិនិយោគ … ស្ថានភាពនយោបាយនៅកម្ពុជា មានលក្ខណៈល្អប្រសើរ និងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយសេដ្ឋកិច្ចនៅតែបន្តរីកចំរើន។ ប៉ុន្តែ យើងនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើនៅក្នុងតំណាក់កាលថ្មីនេះ ដើម្បីទាយយកអត្ថប្រយោជន៍ ពីសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសមាហរណកម្ម ក្នុងតំបន់កាន់តែទូលំទួលាយ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់យើង ក្នុងសេដ្ឋកិច្ចពិភពលោក។
សម្តេចភក្តី បានមានប្រសាសន៍បន្តថា សម្តេច ពិតជាមានការរីករាយ ចំពោះសមិទ្ធផលទាំងអស់នេះដែលបានចេញមកពីការខិតខំរួមគ្នាពីស្មារតីសាមគី្គភាព និងការយោគយល់គ្នា ហើយក្នុងនោះការចូលរួមរបស់វិស័យ ឯកជន បានតួនាទីយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ តួយ៉ាងដូចជាការបោះទុនវិនិយោគរួមគ្នារបស់របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនក្នុងស្រុករបស់យើងជាមួយនិង ក្រុមហ៊ុន ស៊ីយ៉ាម ស៊ីធី ស៊ីមេន ផាប់ប្ល៊ិក ខមភែនី លីមីតធីត ដែលជាក្រុមហ៊ុន វិនិយោគទុនបរទេសមួយមានបទពិសោធន៍ជាយូរឆ្នាំ ណាស់មកហើយក្នុងការផលិតស៊ីម៉ងត៍ ធំជាងគេនៅក្នុងតំបន់អាស៊ាន។ ដូច្នេះការចាប់ផ្តើមអនុវត្តគម្រោងសាងសង់រោងចក្រស៊ីម៉ង់ត៍ ដ៏ធំនៅក្នុងខេត្តកំពតនាពេលនេះ គឺជាការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការវិនិយោគលើអនាគតរបស់កម្ពុជាផងដែរ។ តាមរយៈស្នាដៃ និងបទពិសោធន៍ដែលធ្លាប់មាន សម្តេចមានទំនុកចិត្តថា រោងចក្រស៊ីម៉ង់ត៍ ដ៏ធំដែលនឹងត្រូវបញ្ចុះបឋមសិលាក្នុងពេលបន្តិចទៀតនេះ នឹងទទួលបានជោគជ័យតាមការគ្រោង ទុកជាក់ជាមិនខាន ៕
Say Chhum 21-3-2016 (7)                   Say Chhum 21-3-2016 (17)
Say Chhum 21-3-2016 (15)                     Say Chhum 21-3-2016 (27)
Say Chhum 21-3-2016 (16)                    Say Chhum 21-3-2016 (12)
Say Chhum 21-3-2016 (13)                     Say Chhum 21-3-2016 (8)
Say Chhum 21-3-2016 (18)                      Say Chhum 21-3-2016 (23)