ឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយអត្តពលិក និងអ្នកគាំទ្រកីឡាបាល់ទាត់ ច្រៀងបទនគររាជ ដើម្បីគោរពថ្វាយព្រះពរ អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្នុងជំនួបបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៉ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានចូលរួមជាមួយអត្តពលិក និងអ្នកគាំទ្រកីឡាបាល់ទាត់ច្រៀងបទនគររាជ ដើម្បីគោរពថ្វាយព្រះពរ អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ។

តាមរយៈ Facebook ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ពីទីលានពហុកីឡដ្ឋានជាតិអូឡាំពិក សំលេងច្រៀងបទ នគររាជ ព្រមគ្នា និងស្រុះគ្នាបានបន្លឺឡើងយ៉ាងកងរំពង ដែលបង្ហាញពីសេចក្តីក្រាបថ្វាយបង្គំប្រកបដោយស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ជាបន្ត ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ សូមថ្វាយចម្រៀងបទ «ប្រណម្យបួងសួង» ដើម្បីក្រាបថ្វាយព្រះសព្ទសាធុការពរជ័យថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង»

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមទៀតថា ក្នុងឱកាស នៃការឈានជិតចូលមកដល់ នៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់៧០ យាងចូល៧១ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំ សូមថ្វាយនូវកត្តញ្ញុតាដ៏ស្មោះស្ម័គ្របំផុត ចំពោះព្រះរាជបល្ល័ង្គ និងសូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនានៃប្រជារាស្រ្តខ្មែរ៕