សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តលក្ខរាជា នៅឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង ដែលចំណាយថវិកាជាង១លានដុល្លារ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ដែលចំណាយថវិកាជាង១លានដុល្លារ ស្ថិតនៅឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង។

ពិធីនេះមានការចូលរួមពី ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋប្រមាណជាង ១,៥០០នាក់។

សម្តេចកិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួលផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ និងមានលទ្ធភាពកាន់តែខ្ពស់នៅក្នុងការ ចូលរួមចំណែក កសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឱ្យមានសុខុដុមនីយកម្មសាសនា ជាក់ស្ដែងសមិទ្ធផល ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះរួមមាន៖ ឧបដ្ឋានសាលា ខ្លោងទ្វារ ពុទ្ធស្ថានទាំងបីកន្លែង ស្រះទឹក របងវត្ត ធ្វើផ្លូវបេតុង ចាក់បេតុងក្នុងទីធ្លាវត្ត កុដិ២ខ្នង ដែលបានចំណាយថវិកាសាងសង់អស់ ១,០៨៣,០០០ដុល្លារ គឺជាការចូលរួមវិភាគទាន ដែលជាសិល្បៈ នៃការចែករំលែករបស់លោកស្រី ម៉ៅ ណារ៉ា និងលោក ជូ វិជិត្ត រួមជាមួយនឹងសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលមានសទ្ធាជ្រះថ្លាចូលរួមក្នុងការកសាងសមិទ្ធផលនាថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវទៅកាន់ពិធីនេះនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*១៖ រួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព
*២៖ ចូលរួមអនុវត្តឱ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព
*៣៖ ចូលរួមថែរក្សានូវសមិទ្ធផលដែលបានកសាងនៅក្នុងវត្តលក្ខរាជានេះឱ្យបានគង់វង្សសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិកគ្រប់រូប ដើម្បីជាប្រយោជន៍ជាតិ និងចូលរួមចំណែកក្នុងលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា
*៤៖ សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជន៕