ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើន ក្នុងវត្តសម្តេចព្រះនាគវន្តវារៈពោធិ៍ (ហៅវត្តសំបុក) ដែលជាទីអារាមដ៏ចំណាស់ជាមួយនឹង អាយុកាលប្រមាណ ៥០០ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលជាច្រើនក្នុងរបត់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រាប់ទាំងដំណាក់កាលនៃសង្គ្រាមរាំងជល និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត ហើយរហូតមកដល់សព្វថ្ងៃ មានការអភិវឌ្ឍរីកចម្រើនប្រែមុខប្រែមាត់ក្លាយជាទីអារាមគួរទីមនោរម្យសម្រាប់ការបដិបត្តិធម៌របស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មកពីគ្រប់ទិសទី។ សមិទ្ធផលទាំងអស់នេះកើតចេញពីកម្លាំងសទ្ធាជ្រះថ្លា និងការរួបរួមសាមគ្គី ក្នុងថែរក្សាប្រពៃណីទំនៀមទម្លាប់សាសនា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាព សេរីភាព និងការរីកចម្រើនផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ដូចពេលបច្ចុប្បន្ន។

ឯកឧត្តមបានលើកឡើងថា ផ្នែកចម្បងមួយនៃជោគជ័យក្នុងការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជាង ៥០០ឆ្នាំ ដែលបានញាំញីកម្ពុជា គឺអាស្រ័យលើកត្តាអ្នកដឹកនាំ និងកត្តានៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ហើយពិតណាស់គ្រប់ សមិទ្ធផលធំៗរបស់សង្គមជាតិ ដែលសម្រេចបានកន្លងមកនេះ ក៏ពឹងផ្អែកទាំងស្រុកលើកត្តាកំណត់ទាំងពីរនេះផងដែរ។

ជាក់ស្តែង ជោគជ័យនៃការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិខ្មែរ តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រហូតមកដល់ពេលនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មតាមជំនាញ ចំណេះដឹង តួនាទី និងភារកិច្ចរៀងខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមោទនភាពជាតិ។

ឯកឧត្តមបណ្ឌិតបានបន្តថា «ប្រទេសនីមួយៗ មានប្រវត្តិសាស្ត្រខុសៗគ្នា ហើយវាជាមោទនភាពជាតិ ក្នុងការដែលយើងអាចចែករំលែកឱ្យពិភពលោកបានដឹង និងបានស្គាល់អំពីអត្តសញ្ញាណរបស់ជាតិយើង។ ក្នុងនាមជាប្រទេស ដែលធ្លាប់ឆ្លងកាត់នូវអតីតកាលដ៏សែនជូរចត់ ដូច្នេះក្នុងបរិយាកាសសុខសាន្ត និងសម្បូរសប្បាយដូចបច្ចុប្បន្ន, ប្រជាជាតិខ្មែរពិតជាបានរួបរួមសាមគ្គីគ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យ ដើម្បីប្រាប់ពិភពលោកអំពី វប្បធម៌-អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ ដែលមានកំណើតដ៏យូរលង់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក៏ដូចជាអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា រួមទាំងអំពីទឹកចិត្តទូលំទូលាយរបស់ ប្រជាជនខ្មែរយើង ក្នុងការទទួលស្វាគមន៍រាក់ទាក់ចំពោះមិត្តភក្តិអន្តរជាតិមកពីគ្រប់ទិសទី»