ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរីយយសការពារជាតិ ជូនដល់អតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ប្រមាណ១៤០នាក់។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្តេចទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយ។ លោកបានយកឱកាសនោះ ថ្លែងអំណរគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាព រហូតមកដល់ថ្ងៃនេះ។
បន្ថែមពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ។ ទន្ទឹមនឹងនោះ ត្រូវជឿជាក់ ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឱ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ។
នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ចំនួន១៤០នាក់ និងបានសំណូមពរដល់បងប្អូន អតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា កុំបីខានឡើយ។
មុនពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបងប្អូនអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អមដំណើរដោយឯកឧត្តម ខូយ រីដា រួមនឹងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យការងារសាងសង់ទំនប់ច្រាំងស្ទឹងពោធិ៍សាត់ ចំនួន៤កន្លែង ដែលបាក់ស្រុតនារដូវវស្សាកន្លងមក បាននឹងកំពុងសាងសង់ជិតរួចរាល់ នៅក្នុងភូមិសាស្ត្រស្រុកកណ្ដៀង ខេត្តពោធិ៍សាត់៕