សម្តេចតេជោ ហ៊ុន​ សែន សូម​អធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរ និងមិត្តភក្តិបរទេស ប្រសិនបើមានកំហុសឆ្គងដោយអចេតនា ចំពោះការរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២


(ភ្នំពេញ)៖ ទោះបីជា ការប្រកួតស៊ីហ្គេម លើកទី៣២ បានបញ្ចប់ទៅដោយជោគជ័យ និងមោទនភាពក៏ដោយ ស​ម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំបានភ្លេចឡើងឡើយ នៅក្នុងការសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរ និងមិត្តបរទេស ប្រសិនបើមានកំហុសឆ្គងអចេតនា ចំពោះការរៀបចំព្រឹត្តិការណ៍ជាលើកដំបូងនេះ។

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំក៏សូមអធ្យាស្រ័យ ចំពោះប្រជាជនកម្ពុជា ក៏ដូចជាមិត្តភ័ក្តិនៅក្នុងចំណោមអាស៊ានរបស់យើង ប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើងដោយអចេតនា យើងខ្ញុំនឹងត្រៀមទទួលយកនូវមតិរិះគន់ ដើម្បីស្ថាបនា និងកែលម្អសម្រាប់ពេលអនាគត»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តភក្តិបរទេសទាំងអស់ ដែលបានចូលរួមជួយវិស័យកីឡាកម្ពុជាតាំងពីដើម រហូតដល់ពេលមានព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នាពេលនេះផងដែរ។

បន្ទាប់ពីខកខានអស់ជាច្រើនដងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតស៊ីហ្គេមក្នុងរយៈពេលប្រមាណ ៦៤ឆ្នាំ ព្រោះតែវិបត្តិនៃភ្លើងសង្គ្រាម និងតម្រូវការកសាង​ប្រទេស​ពី​​ភ្លើង​​សង្គ្រាមឡើងវិញនោះ កម្ពុជាបានសម្រេចបំណង និងមហិច្ឆតារបស់ខ្លួនទទួល​រៀប​ចំការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣នេះ។ ការប្រកួតត្រូវបានចាប់ផ្តើម​នៅថ្ងៃទី​២៩ ខែមេសា ហើយពិធីបើកការប្រកួតជាផ្លូវការត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែ​ឧសភា។

ក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ រាជរដ្ឋាភិបាលកម្ពុជាបានរាប់រងចំណាយសម្រាប់ការស្នាក់នៅ ហូបចុក និងការដឹកអញ្ជូនប្រតិភូផ្សេងៗ ហើយសម្រេចមិនឱ្យមានការលក់សំបុត្រចូលទស្សនាការប្រកួតនេះផងដែរ ដែលធ្វើឱ្យបរទេសនានាមានការកោតសរសើរយ៉ាងខ្លាំងថាកម្ពុជាជាប្រទេសតូចតែមានបេះដូងធំទូលាយ។

ក្រោយការប្រកួតដ៏ស្វិតស្វាញរយៈពេលប្រមាណជា ១៦ថ្ងៃ ជាលទ្ធផលកីឡាករ កីឡាការិនីមកពីប្រទេសវៀតណាមឈរលេខរៀងទី១ ជាមួយមេដាយសរុប៣៥៥ (មាស ១៣៦, ប្រាក់ ១០៥, សំរឹទ្ធ ១១៤), ប្រទេសថៃ ឈរលេខរៀងទី២ ជាមួយ​មេដាយសរុប៣១២ (មាស ១០៨, ប្រាក់ ៩៦, សំរឹទ្ធ ១០៨), ប្រទេសឥណ្ឌូនេស៊ី ឈរលេខរៀងទី៣ ជាមួយមេដាយសរុប២៧៦ (មាស ៨៧, ប្រាក់ ៨០, សំរឹទ្ធ ១០៩)​​។ ដោយឡែកកម្ពុជាជាម្ចាស់ផ្ទះ ឈរនៅលេខរៀងទី៤ ជាមួយមេដាយ​សរុប​២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧), ហ្វីលីពិន ឈរលេខរៀងទី៥ ជាមួយ​មេដាយសរុប២៦០, សិង្ហបុរី ឈរលេខរៀងទី៦ ជាមួយមេដាយសរុប១៥៧, ម៉ាឡេស៊ី ឈរលេខរៀងទី៧ ជាមួយមេដាយសរុប១៧៦, មីយ៉ាន់ម៉ា ឈរលេខរៀង​ទី៨ ជាមួយមេដាយសរុប១១៤, ឡាវ ឈរលេខរៀងទី៩ ជាមួយមេដាយសរុប៨៨, ព្រុយណេ ឈរលេខរៀងទី១០ ជាមួយមេដាយសរុប៩ និងប្រទេសទីម័រខាងកើត ឈរលេខរៀងទី១១ ជាមួយមេដាយសរុប៨។

បើទោះបីស៊ីហ្គេមត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា តែក្រោមស្មារតីតែ​មួយ គឺ «ដើម្បីជាតិ» បានធ្វើឱ្យការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា បានប្រព្រឹត្ត​ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ និងប្រកបដោយមោទនភាពជាទីបំផុត​សម្រាប់​​​កម្ពុជា។ មិនត្រឹមតែអាចរៀបចំព្រឹត្តិការណ៍ប្រកួតដោយជោគជ័យនោះទេ តែកម្ពុជា ក៏បានបំបែកកំណត់ត្រាក្នុងការរកមេដាយបានច្រើនបំផុតក្នុងប្រវត្តិកីឡា​ស៊ីហ្គេម​នេះផងដែរ៕