សម្តេចតេជោ ហ៊ុន សែន សូមឧទ្ទិសសមិទ្ធផលស៉ីហ្គេម លើកទី៣២ នៅកម្ពុជា ឱ្យទៅជាចំណែកមួយនៃជោគជ័យក្នុងក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧទ្ទិសសមិទ្ធផលដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ នាពេលនេះ ឱ្យទៅជាចំណែកមួយនៃជោគជ័យក្នុងក្របខណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ាន។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ក្រោយដំណើរការបានជោគជ័យប្រកបដោយមោទនភាពជាប្រវត្តិសាស្ត្រ នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណអត្តពលិកស៉ីហ្គេមទាំងអស់ដែលបានចូលរួមប្រកួតកីឡានៅកម្ពុជា ព្រមទាំងអរគុណប្រតិភូកីឡាគ្រប់ប្រទេសទាំងអស់ ដែលអញ្ជើញមកប្រកួតនៅប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «អរគុណរដ្ឋាភិបាលនៃសមាជិកអាស៊ានទាំងអស់ ដែលបានបញ្ជូនកីឡាករកីឡាការិនី មកប្រកួតនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ហើយខ្ញុំចាត់ទុកថានេះ ជាចំណែកមួយនៃស្មារតីសាមគ្គីភាព ការយោគយល់ មិត្តភាព និងជំរុញការធ្វើសមាហរណកម្ម នៅក្នុងក្របខ័ណ្ឌអាស៊ាន ដែលខ្ញុំសូមឧទ្ទិសនូវសមិទ្ធផលរបស់កម្ពុជាថ្ងៃនេះ ជាចំណែកមួយនៃជោគជ័យក្នុងក្របខ័ណ្ឌស្មារតីសាមគ្គីភាពរបស់អាស៊ានរបស់យើង»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានគាំទ្រការប្រកួតកីឡាស៉ីហ្គេម និងសូមឧទ្ទិសនូវសមិទ្ធផល ដែលកម្ពុជា បានសម្រេចនៅពេលនេះ ជូនចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស គ្រប់និន្នាការនយោបាយ គ្រប់ជាតិសាសន៍ និងសាសនា សូមទទួលយកនូវសមិទ្ធផលដែលយើងបានខិតខំនៅថ្ងៃនេះ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានមកដល់ទីបញ្ចប់ប្រកបដោយថាមពល និងទទួលបានជោគជ័យត្រចេះត្រចង់ ក្តីសប្បាយរីករាយ ពោរពេ​ញដោយស្នាមញញឹម និងសម្រែកអបអរសាទរ កងរំពងបានបង្កើតនូវមនោសញ្ចេតនា ដ៏ជ្រាលជ្រៅសម្រាប់គ្រប់ៗគ្នា៕