សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៨ ( ការប្តូរផ្តាច់ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ )


សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ១៨ « ការប្តូរផ្តាច់ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ »

សន្តិភាព ជាទ្រឹស្តីដែលងាយស្រួលក្នុងការនិយាយ ទាំងផ្នែកសាសនា និងអាណាចក្រ តែពិបាកក្នុងស្វែងរក។ សន្តិភាព ត្រូវគេចែកចេញជាពីរធំៗ គឺសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ សន្តិភាព ជាឫសគល់នៃសេរីភាព និងសិទ្ធិមនុស្ស សន្តិភាពជាឫសគល់នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាព ជាឫសគល់នៃការអភិវឌ្ឍ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់ ។

សម្តេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ មានបន្ទូលថា សន្តិភាពបុគ្គល នាំឱ្យគ្រួសារមាន សន្តិភាព។ សន្តិភាពគ្រួសារ នាំឱ្យសហគមន៍ ឬភូមិឃុំមានសន្តិភាព។ សន្តិភាពសហគមន៍ ឬភូមិ ឃុំ នាំឱ្យប្រទេសជាតិមានសន្តិភាព។ ប្រទេសជាតិមានសន្តិភាព នាំឱ្យពិភពលោកមានសន្តិភាព។

តាមសាវតារប្រទេសខ្មែរ ទាំងលើសិលាចារឹក ទាំងលើឯកសារមហាបុរសខ្មែរ និងពង្សាវតារខ្មែរ សុទ្ធតែបង្ហាញថា ការបង្កសង្រ្គាម ឬការបង្កជម្លោះនៅកម្ពុជា មានឱកាសច្រើនជាងការកសាងសន្តិភាព។ នៅសម័យហ្វ៊ូណន ក្រោយការសោយទិវង្គត ព្រះបាទកៅណ្ឌិន្យ ឬហៅថាព្រះថោង ឬហៅតាមភាសាខ្មែរថា តាមាស ទោះបីក្សត្រក្រោយៗមកទៀត ដូចជាព្រះបាទរុទ្រវរ្ម័ន ដែលជាបុត្រ និងព្រះបាទស្រីមារៈ ជាចៅរបស់ព្រះអង្គឡើងគ្រងរាជ្យ រហូតដល់រជ្ជកាលព្រះបាទ ហ្វាន់ម៉ាន់ ហ្វាន់ ឆេម៉ាន់ ក៏ប្រទេសកម្ពុជាមិនមានសន្តិភាពបានយូរអង្វែងដែរ។ សម័យចេនឡា ឬចេនឡាក់ ព្រះបាទឦសានវរ័ន្ម បានចំណាយពេលជាង១០ឆ្នាំ ដើម្បីបង្រួបបង្រួមទឹកដីរវាងចេនឡាទឹក និងចេនឡាគោកឱ្យមកនៅតែមួយ។ សម័យអង្គរ ព្រះបាទជយវរ្ម័នទី២ ដែលរត់រួចពីម៉ាឡេស៊ី មកនោះ បានចំណាយពេលជាច្រើនឆ្នាំ ទើបបញ្ចប់សង្រ្គាមបាន។ ព្រះបាទជយវរ្ម័ន ទី៧ បានចំណាយពេល១៨ឆ្នាំ ដើម្បីបញ្ចប់សង្រ្គាម និងរក្សាសន្តិភាព។ ស្តេចអង្គក្រោយៗមកទៀត ក៏ព្រះអង្គត្រូវចំណាយពេលច្រើនឆ្នាំក្នុងការបញ្ចប់សង្រ្គាម និងរក្សាសុខសន្តិភាពដែរ។ ប៉ុន្តែក្រោយពីការយាងសោយទិវង្គតរបស់ ព្រះបាទចន្ទរាជា ក្នុងសតវត្សរ៍ទី១៦មក កម្ពុជាលែងមានសន្តិភាពទៀតហើយ រហូតដល់ជិត៦០០ឆ្នាំក្រោយ ក្រោមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ទើបកម្ពុជាមានសុខសន្តិភាពមកវិញ។ សម្តេចហ៊ុន សែន ចំណាយពេល២៨ឆ្នាំ ទើបស្វែងរកសន្តិភាព ឬបញ្ចប់សង្រ្គាមបាន១០០% ។ សម្តេច ហ៊ុន សែន បានចំណាយពេលលើសមរភូមិប្រយុទ្ធ(សង្រ្គាម) ទាំងយុទ្ធសាស្រ្តនយោបាយ៩ឆ្នាំ គឺពីឆ្នាំ១៩៧០ ដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩។ សម្តេចហ៊ុន សែន ចំណាយពេល៧ឆ្នាំ ដើម្បីចរចាសន្តិភាពជាសម្ងាត់ជាមួយនឹងសម្តេចព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គឺពីឆ្នាំ១៩៨៤ ដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ សម្តេច ហ៊ុន សែន ចំណាយពេល៧ឆ្នាំបន្ថែមទៀត ដើម្បីបញ្ចប់សង្រ្គាមស្ថាពរ ឬ១០០%នៅកម្ពុជា គឺពីឆ្នាំ១៩៩៤ ដល់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ សម្តេច ហ៊ុន សែន ដឹកនាំប្រទេស បានបីរជ្ជកាល ឬ៣ជំនាន់ ឬ ៣ដំណាក់កាល គឺដំណាក់កាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ រជ្ជកាលរដ្ឋកម្ពុជា ពី១៩៨៩ ដល់១៩៩៣ និងរជ្ជកាលព្រះរាជាណាចក្រកម្ពុជា ទី២ ឬរាជានិយមទី២ ពី១៩៩៣ ដល់បច្ចុប្បន្ន(២០២០)។

ក្នុងទសវត្សរ៍១៩៧០ ដល់១៩៧៩ សម្តេច ហ៊ុន សែន ឬសមមិត្ត ហ៊ុន សែន ជាមេទ័ពដ៏មានយុទ្ធសាស្រ្ត ចិត្តសាស្រ្ត ក្នុងការបញ្ជាទ័ព ដឹកនាំទ័ព គ្រប់គ្រងទ័ព និងអង់អាចក្លាហានលើសមរភូមិប្រយុទ្ធ។ ទោះបីកន្លងមកលោក សម រង្ស៊ី ចំអកថា សន្តិភាពនៅកម្ពុជា ជាសន្តិភាពក្លែងក្លាយ ប៉ុន្តែ សម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សមាជិករដ្ឋាភិបាល និងប្រជាពលរដ្ឋភាគច្រើនលើសលប់លើកឡើងថា សន្តិភាពមិនអាចជបឡើងបានដោយ មន្តអាគម និងសន្តិភាពមិនអាចលើកដៃសពះសុំគេបានដោយងាយស្រួលទេ។ សន្តិភាពនៅកម្ពុជា គឺកើតឡើងដោយសារការលះបង់អាយុជីវិត ទាំងកម្លាំងកាយចិត្ត ដោយមិនគិតពីគ្រោះថ្នាក់។ សន្តិភាពនៅកម្ពុជា កើតឡើងដោយសារការយកអាយុជីវិត សាច់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្ស ប្រជាជនកម្ពុជា និងយុទ្ធជន យុទ្ធនារី ដែលបានពលីរាប់ម៉ឺនសែននាក់លើសមរភូមិ និងការយកជីវិតធ្វើជាដើមទុន របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេច ហ៊ុន សែន។

លោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ បានហៅ លោក សម រង្ស៊ីថា ជាមេនាំគ្រោះនៅ កម្ពុជា។ លោកម៉ម សូណង់ដូ កត់សម្គាល់ថា ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ លោកសម រង្ស៊ី បាននាំគ្រោះឱ្យជនរងគ្រោះនៅលើសួនច្បារមុខរដ្ឋសភាចាស់ បណ្តាលឱ្យមានមនុស្ស១៦នាក់ស្លាប់ និងជាង១០០នាក់ទៀតត្រូវរងរបួស។ ឆ្នាំ១៩៩៨ ក្រោយការបោះឆ្នោតអាណត្តិទី២រួច លោក សម រង្ស៊ី ដឹកនាំធ្វើបាតុកម្មដើម្បីតវ៉ា ហើយនៅយប់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ១៩៩៨ នៅមុខសណ្ឋាគារ Cambodiana បណ្តាលឱ្យមានការប៉ះទង្គិចជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជន បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសជាច្រើននាក់។ ព្រឹត្តិការណ៍ផ្លូវវេងស្រេង នៅយប់ថ្ងៃ ទី៣ ខែមករា ឆ្នាំ២០១៤ កម្មករ និងសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ដែលញុះញង់ដោយលោក សម រង្ស៊ី បានរួមគ្នាធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងបង្កើតឱ្យផ្ទុះអំពើហិង្សា និងបណ្តាលឱ្យមានមនុស្សស្លាប់៤នាក់ បាត់ខ្លួន១នាក់ និងរបួស៦០នាក់ ។

ដោយសារភាសា ឬពាក្យថា សន្តិភាព ងាយស្រួលក្នុងការនិយាយ និងបកស្រាយ តែលំបាកក្នុងកាស្វែងរក និងអនុវត្តន៍ ទើបម្តងហើយម្តងទៀត ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអះអាងនិងការពារខ្លាំងៗថា ទោះបីក្នុងតម្លៃណា ឬកាលៈទេសៈណាក៏ដោយ ក៏មិនអនុញ្ញាតឱ្យជនអគតិណាមួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពបានដែរ។ ការប្រកាសការពារសន្តិភាពរបស់សម្តេច ត្រូវមនុស្សមួយចំនួនប្រមាថ ឬមាក់ងាយដែរ ប្រហែលទំនងអ្នកទាំងនោះ មិនបានឆ្លងកាត់ទុក្ខលំបាកវេទនា ឈឺចាប់ ក្នុងរបបខ្មែរក្រហម ឬប្រហែលជាអ្នកទាំងនោះ ទំនងជាកើតមិនទាន់ ឬរត់យករួចខ្លួនទៅរស់នៅស្រុកគេ ហើយវិលត្រឡប់មកវិញធ្វើជាវីរបុរស ក្រោយពេលស្រុកមានសន្តិភាព។

នៅក្នុងសៀវភៅរបស់លោកឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងព័ត៌មាន សម័យសាធារណរដ្ឋខ្មែរ ក្រោមចំណងជើងថា រដ្ឋប្រហារទម្លាក់សេនាប្រមុខ លន់ នល់ សរសេរថា លោកលន់ នល់ បានព្រមានថា កុំចង់សាកជាមួយសង្រ្គាម កាំភ្លើងតែដកចេញពីស្រោមហើយ មិនងាយដាក់ចូលវិញទេ។ ម្នាក់ជក់ និងឆ្ងាញ់នឹងការបាញ់សម្លាប់គ្នា ព្រោះអ្នកបាញ់ ឬអ្នកបញ្ជាឱ្យបាញ់កម្រគ្រោះថ្នាក់។ អ្នកដែលគ្រោះថ្នាក់ គឺជនស៊ីវិល និងកូនទាហានដែលមិនដឹងអី។

អំឡុងដើមឆ្នាំ២០១៩ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ ឬដែលគេហៅថាទណ្ឌិតនោះ មានបំណងបង្កើតការប្រមូលផ្តុំអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការរំលាយចោលនោះ ជួបជុំគ្នាក្រោមរូបភាពនំបញ្ចុកសាមគ្គី។ ផែនការប្រមូលផ្តុំនេះ ត្រូវអ្នកវិភាគមួយចំនួនយល់ឃើញថា អាចជាការប្រមូលផ្តុំដើម្បីធ្វើបដិវត្តន៍ បះបោរប្រឆាំងរាជរដ្ឋាភិបាល ឬបង្កឱ្យមានចលាចលនៅក្នុងផ្ទៃប្រទេស និងឈានទៅដល់ការបែកបាក់ជាតិ។ក្រោយមកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បានប្រកាសឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ធ្វើយុទ្ធនាការហូបនំបញ្ចុកទូទាំងប្រទេស។ សម្តេចក៏រម្លឹកដល់សមាជិកគណបក្ស ប្រជាជនកម្ពុជាដែរថា កម្មវិធីនំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនា មិនត្រូវប្រកាន់បក្សពួកទេ។ នៅមូលដ្ឋានសមាជិកគណបក្សប្រជាជនកម្ពុជា អាចអញ្ជើញសមាជិកបក្សដទៃទៀតឱ្យមកចូលរួមទទួលទានបាន ហើយប្រសិនបើមានគណបក្សដទៃហៅសមាជិកគណបក្សប្រជាជន ទទួលទាននំបញ្ចុក សម្តេចក៏អនុញ្ញាតឱ្យសមាជិកចូលរួមផងដែរ ព្រោះនំបញ្ចុកសាមគ្គី និងសន្តិភាពជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិទេ។ ប៉ុន្តែសម្តេចបញ្ជាក់ថា សូមកុំយល់ច្រឡំការទទួលទាននំបញ្ចុកដើម្បីសន្តិភាព មិនមែនធ្វើឡើងដើម្បីចរចានយោបាយទេ។ នំបញ្ចុកសន្តិភាព ត្រូវធ្វើឡើងនៅ ទូទាំងប្រទេសដោយគ្មានការប៉ះទង្គិចដោយហិង្សា ឬមានភាពចលាចលណាមួយកើតឡើងឡើយ។

ក្រោយទិវានំបញ្ចុកសាមគ្គីមួយថ្ងៃ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លើទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន បានសរសេរសារថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ទាំងគ្រួសារ និងសហគមន៍ខ្មែរតាមបណ្តារដ្ឋ និងតាមទីក្រុងនានា ដែលបាននាំគ្នាចូលរួមទទួលទាននំបញ្ចុកដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការគោរពស្រឡាញ់រាប់អានគ្នារវាងខ្មែរ និងខ្មែរ។ សម្តេចបញ្ជាក់ថា ទិវាហូបនំបញ្ចុកថ្ងៃទី៩ មិថុនា ២០១៩ បង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព រួបរួមឯកភាពជាតិ និងការស្រឡាញ់ជាតិមាតុភូមិ ក្រោមម្លប់នៃដំបូលសន្តិភាពតែមួយ ដែលរកបានមកដោយលំបាកបំផុត។

ក្រោយមក ទំនងដោយយល់ឃើញថាអស់មានជម្រើស ឬអស់ឱកាសក្នុងការចូលមកកម្ពុជានោះ លោក សម រង្ស៊ី ប្រកាសថា លោកនឹងយកថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិផង ត្រូវនឹងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកប្រពៃណីជាតិផង ធ្វើជាថ្ងៃផ្តួលរំលំរាជរដ្ឋាភិបាល និងបានប្រកាសបំផុសបំផុល ញុះញង់ឱ្យប្រជាពលរដ្ឋចូលរួមជាមួយលោក ដើម្បីក្រោកឡើងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលផងដែរ។ ការប្រកាសរបស់លោក សម រង្ស៊ី ផ្ទុយនឹងគោលការណ៍សន្តិភាពរបស់អង្គការសហប្រជាជាតិ។ គោលការណ៍សន្តិភាព របស់អង្គការសហប្រជាជាតិចែងថា រដ្ឋនីមួយៗ ឬថ្នាក់ដឹកនាំរដ្ឋនីមួយៗ ធ្វើយ៉ាងណាត្រូវរក្សាសន្តិភាពឱ្យបាន ចៀសវាងការប្រទូសរ៉ាយនានា ដែលឈានដល់ការផ្ទុះអាវុធ ឬបង្ហូរឈាមគ្នា ហើយប្រសិនបើដឹងថាអំពើណាមួយដែលនឹងឈានដល់ការបង្កអសន្តិសុខ ឬអសន្តិភាពរដ្ឋនោះ ត្រូវមានវិធានការទប់ស្កាត់ជាបន្ទាន់ក្នុងការរក្សាសន្តិភាពទាំងក្នុងតំបន់ ជាមួយប្រទេសជិតខាង និងក្នុងប្រទេស ។

សម្តេច ហ៊ុន សែន បន្ទាប់ពីទទួលដំណឹងនៃសេចក្តីប្រកាសរបស់លោកសម រង្ស៊ី ភ្លាម សម្តេចក៏មានវិធានការបន្ទាន់ដែរ ដើម្បីទប់ស្កាត់ការបះបោរ អុកឡុក ឬការបង្កចលាចលណាមួយដែលឈានដល់ការបង្កហិង្សា ឬការបង្ហូរឈាម។ សម្តេច បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតាមច្រកទ្វារព្រំដែន ការពារដើម្បីកុំឱ្យក្រុមលោក សម រង្ស៊ី ចូលមកបង្កបញ្ហានៅផ្ទៃក្នុងប្រទេសបាន ហើយដោយសារខែវិច្ឆិកា ជាខែដែលរដូវដាល់អំបុកចូលមកដល់ផង ជាព្រះរាជពិធីបុណ្យអុំទូកផង និងជាថ្ងៃបុណ្យឯករាជ្យជាតិផង សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ប្រកាសយកថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃទទួលទានអំបុកទូទាំងប្រទេស ដោយសម្តេចបានប្រកាសប្រើបាវចនាបែបលើកស្ទួយវប្បធម៌ថា “អំបុកខ្មែរ ថែជាតិ សាសនា និងព្រះមហាក្សត្រ”។ សារជាបាវចនារបស់សម្តេច ហ៊ុន សែន បានប្រកាសផ្សព្វផ្សាយទូទាំងប្រទេស។ ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តីនាពេលនោះ ធ្វើឡើងនៅថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ ចំនួន ៤ ០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

បន្ទាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងផុត នៅ៩ថ្ងៃក្រោយមក គឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គេដឹងថា អំបុកចំនួន២២៣តោន បានផលិតដើម្បីបរិភោគនៃការជួបជុំប្រមូលផ្តុំនៅថ្ងៃ៩វិច្ឆិកាដោយមិនរាប់បញ្ចូលអំបុកដែលផលិតសម្រាប់គ្រួសារតាមផ្ទះ ឬកន្លែងផ្សេងៗទៀត។ តួលេខនេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ឱ្យដឹងនៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស សរុប១ ៩៥៨នាក់ ។ សម្តេច បញ្ជាក់ថា អ្វីដែលសំខាន់ជាងគេ គឺសន្តិភាពដែលត្រូវថែរក្សារួមគ្នា។ បើគ្មាន សន្តិភាពទេ កុំថាឡើយការអភិវឌ្ឍ សូម្បីតែសិទ្ធិមនុស្សក៏គ្មានដែរ។

មួយខែក្រោយមក បន្ទាប់ពីជោគជ័យលើការទប់ស្កាត់បានសម្រេច ចំពោះក្រុមលោក សម រង្ស៊ី ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៣១ធ្នូ ឆ្នាំ២០១៩ ខណៈសម្តេច ហ៊ុន សែន បង្ហោះឃ្លីបវីដេអូដែលមានក្រុមគ្រួសារ គឺកូន កូនប្រសារទាំង១០នាក់ និងចៅ១៨នាក់ ដែលនាំគ្នាទៅជូនពរសម្តេចមុនឆ្លងចូលឆ្នាំថ្មី ឆ្នាំសកលនោះ សម្តេចបានសរសេរសារមួយឃ្លា ជូនជនរួមជាតិ និងនៅចុងឃ្លាថា ឱកាសនៃការចូលរួមអបអរសាទរ និងកម្សាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបាន គឺដោយសារប្រទេសជាតិមានសុខសន្តិភាព បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ ហើយនៅក្នុងវង់ក្រចក សម្តេចសរសេរសារខ្លីតែមានអត្ថន័យជ្រាលជ្រៅថា៖

“អរគុណសន្តិភាព”

ដោយមានការគាំទ្រច្រើនសន្ធឹកសន្ធាប់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០ គឺមុនជំនួបជាមួយ អ្នកសារព័ត៌មាន១២ថ្ងៃ សម្តេច ហ៊ុន សែន ផ្ញើសារមួយទៀតដើម្បីឆ្លើយតប និងថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលគាំទ្រសារអរគុណសន្តិភាពរបស់សម្តេច ដោយសម្តេចសរសេរសូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់សម្ដេច គឺ អរគុណ សន្តិភាព ដែលសម្ដេចយល់ថា វាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។

បន្ទាប់មកសារពាក្យថា “អរគុណសន្តិភាព” បានសរសេរជាស្លាកបង្ហាញធំៗ និងប្រើប្រាស់គ្រប់ទីកន្លែង ទាំងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនមួយចំនួន។ ការប្រកាសជំទាស់មិនឱ្យលោកសម រង្ស៊ី ចូលស្រុក និងការប្រកាសការពារសន្តិភាព ត្រូវមតិខ្លះរិះគន់ថា ជាការបំបិទសិទ្ធិសេរីភាព ឬថាធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយ ក្រោយ។ ការលើកឡើងនេះត្រូវសកម្មជន និងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា តបវិញថា កាយវិការរបស់ក្រុមអ្នកប្រឆាំងទាំងនោះមិនមែនជាសេរីភាពទេ តែជាការបង្កភាពអនាធិបតេយ្យឱ្យជាតិ ព្រោះអ្នកទាំងនោះបានបំផ្លាញសូម្បីវប្បធម៌សន្ទនា ដែលបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាតិ កាលពី ឆ្នាំ២០១៤។ ពួកគេសមនឹងហាមឃាត់មិនឱ្យចូលប្រទេស ព្រោះពួកគេសុទ្ធតែមានសញ្ជាតិ២ ហើយពេលមកដល់ប្រទេស តែងតែបង្កការអុកឡុក រំខានភាពសុខសាន្តរបស់ប្រជាជន ដែលមិនទាន់បាត់ក្លិនរំសេវ ឬឆ្អាបឈាមនៅឡើយ។ ការប្រកាសការពារសន្តិភាព មិនមែនសម្តេច ហ៊ុន សែន ទើបតែធ្វើឡើងអំឡុងពេលលោក សម រង្ស៊ី ប្រកាសផ្តួលរំលំរាជរដ្ឋាភិបាល ឬប្រកាសឱ្យព្រះមហាក្សត្រដាក់រាជ្យនេះទេ គឺតាំងពីយូរណាស់មកហើយ ហើយគេអាចមើលឃើញកាលពីអំឡុងមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោតអាណត្តិទី៥ គឺនៅខែកក្កដា ឆ្នាំ២០១៣ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅឃុំហាន់ជ័យ ស្រុក កំពង់សៀម ខេត្តកំពង់ចាម សម្តេចមានប្រសាសន៍ផ្តាំទៅបណ្តាគ្រប់គណបក្សទាំងអស់ថា ធ្វើយ៉ាងណាកុំឱ្យការបោះឆ្នោត ក្លាយជាការបែកបាក់ជាតិ ព្រោះសន្តិភាពនៅកម្ពុជាហាក់នៅមានភាពផុយស្រួយនៅឡើយ ហើយបើជាតិបែកបាក់ម្តងទៀត មិនដឹងថាតើអ្នកណាជាអ្នកបញ្ចប់សង្រ្គាមនោះទេ។ ក្រោយមកនៅអំឡុងពេលយុទ្ធនាការបោះឆ្នោតមកដល់ ខណៈគណបក្សដទៃ ពិសេសគណបក្សប្រឆាំង ជេរដៀលត្មះ គណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុន សែន បានប្រាប់ទៅសកម្មជន និងមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ថាទោះបីជាគេជេរ គេប្រមាថយ៉ាងណា សមាជិក សមាជិកាគណបក្សទាំងអស់ត្រូវអត់ធ្មត់ កុំតបត ធ្វើយ៉ាងណាចៀសវាងការបង្កជាអំពើហិង្សាក្នុងថ្ងៃនៃយុទ្ធនាការរកសំឡេងឆ្នោត។ បន្ទាប់មកទៀត ក្រោយពេលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតអាណត្តិទី៥ ដែលប្រកាសទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនោះ សម្តេចហ៊ុន សែន ប្រកាសជាថ្មីថា គណបក្សណាឈ្នះមិនសំខាន់ សំខាន់គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ ព្រោះដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានហិង្សា គ្មានការបំភិតបំភ័យ ឬគំរាមកំហែងអ្វីឡើយ។

ក្នុងពិធីសម្ពោធអគារសិក្សា និងទីចាត់ការ នៅវិទ្យាល័យ ហ៊ុន សែន បឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេច ហ៊ុន សែន បានប្រកាសថា កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវការពារសន្តិភាពរបស់ប្រទេសកម្ពុជា ដែលកំពុងមានសព្វថ្ងៃ ទោះជាត្រូវប្តូរក្នុងតម្លៃណាក៏ដោយ។ សម្តេចរម្លឹកថា ការផ្លាស់ប្តូររបបបាននាំមកនូវការសម្លាប់មនុស្សអស់យ៉ាងច្រើន ហើយនាំមកនូវសង្រ្គាមរ៉ាំរ៉ៃជាច្រើនឆ្នាំ។ សម្តេចសួរថា តើចាំបានទេ ពេលដូរពីរបបសម្តេចព្រះនរោត្តមសីហនុ ទៅកាន់របប លន់ នល់? ពេលនោះគ្រាន់តែដូរភ្លាម សង្រ្គាមក៏ផ្ទុះឡើង ហើយក៏កើតមានរបប ប៉ុល ពត សង្រ្គាមរហូតទម្រាំតែបញ្ចប់បាន ។ សម្តេចថ្លែងបញ្ជាក់ថា៖

“ពីមុនមានហ៊ុន សែន សម្រាប់បញ្ចប់សង្រ្គាម ប៉ុន្តែឥឡូវអត់មានហ៊ុន សែន ទៀតទេ ព្រោះចាស់ដែរហើយ មានកម្លាំងឯណាទៅធ្វើទៀត?។ ប៉ុន្តែយើងមិនទុកដល់ថ្នាក់ហ្នឹងពេកទេ ព្រោះដោយតម្លៃណាក៏ដោយ អ្នកត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពពិបាករកណាស់។ ទម្រាំរកបាន គឺប្រើមនុស្សអស់រាប់ជំនាន់ ហើយស្លាប់មនុស្សក៏អស់ច្រើនណាស់ដែរ។ ជំនាន់អាម៉េរិកាំងទម្លាក់គ្រាប់បែក អស់មនុស្សជាងកន្លះលាននាក់ ដែលស្លាប់របួស និងពិការ។ ជំនាន់ ប៉ុល ពត អស់មនុស្សជាង៣លាននាក់ ទម្រាំមានសន្តិភាពប៉ុណ្ណេះ។ យើងមិនមែនបណ្តោយឱ្យអ្នកឯងបំផ្លាញលេងៗទេ។ មើលប្រទេស លីប៊ី ស៊ីរី អ៊ីរ៉ាក់ តើលទ្ធផលបានអ្វីមកវិញ? គឺការស្លាប់ និងរបួសរាល់ថ្ងៃ នេះហើយគឺជាការសន្យា។ សម្លាប់ សាដាម ហ៊ូសេនមួយ តើពេលនេះកើត សាដាម ហ៊ូសេន ប៉ុន្មានហើយនៅទូទាំងប្រទេស អ៊ីរ៉ាក់? ចង់សម្លាប់កាដាហ្វីមួយ តើកើតកាដាហ្វីប៉ុន្មាន? ហើយស្លាប់មនុស្សអស់ប៉ុន្មាន? ចង់ផ្តួលរបបអាសាដមួយ តើឥឡូវប្រជាជនស៊ីរីស្លាប់ប៉ុន្មាន? ឥឡូវចង់សម្លាប់ ហ៊ុន សែន មួយ ចង់ផ្តួល ហ៊ុន សែន មួយ តើនឹងមានអ្វីនៅខាងមុខ?…” ។

អំឡុងឆ្នាំ២០១៨ ខែកញ្ញា ថ្ងៃទី២៤ សម្តេច ហ៊ុន សែន សរសេរសារលើហ្វេសប៊ុកថាសម្តេច ប្តេជ្ញាការពារសន្តិភាព និងជីវិតប្រជាជន ដរាបណាសម្តេចនៅបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា។ គ្មាននរណាម្នាក់ ឬក្រុមណាមួយអនុញ្ញាតឱ្យធ្វើរដ្ឋប្រហារ ឬចាប់ផ្តើមបដិវត្តន៍ពណ៌នៅក្នុងប្រទេសទេ ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកព្រឹត្តការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ ខេត្តកំពត ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការរក្សាសន្ដិភាព និងស្ថិរភាពនយោបាយ គឺមានសារៈសំខាន់ជាងអ្វីៗទាំងអស់ មុននិយាយដល់សិទ្ធិមនុស្ស និងការអភិវឌ្ឍ ហើយទោះក្នុងតម្លៃណាក៏ដោយ ក៏សម្ដេចត្រូវតែការពារសន្តិភាពឱ្យបានដែរ ព្រោះបើគ្មានសន្តិភាពទេ មិនបាច់និយាយដល់ការអភិវឌ្ឍ និងសិទ្ធមនុស្សឡើយ។ គឺការពារដាច់ខាត ការពារវត្តមានសន្ដិភាពជាអចិន្ដ្រៃយ៍លើទឹកដីដ៏កម្សត់ និងដើម្បីរក្សាបាននូវស្ថិរភាពជាតិ។ ត្រូវទប់ស្កាត់នូវរាល់ទង្វើណាមួយ ដែលប៉ុនប៉ងបំផ្លាញសន្តិភាព មិនឱ្យអតីតកាលសង្រ្គាមវិលមកវិញទេ ហើយក៏មិនឱ្យការផ្លាស់ប្តូរណាមួយរបស់កម្ពុជាក្រៅពីប្រជាធិបតេយ្យដែរ។

ដូច្នេះសម្ដេចត្រូវតែធ្វើសកម្មភាពតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់អ្នកដែលចង់បំផ្លាញសន្ដិភាព។ ក្នុងពិធីរម្លឹកថ្ងៃជ័យជម្នះ ៧មករា ព្រឹកថ្ងៃអង្គារ ទី៧មករា ឆ្នាំ២០២០ នៅសាលមហោស្រពកោះពេជ្រ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា បុព្វហេតុដែលនាំឱ្យមានសន្តិភាពនៅកម្ពុជា គឺថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ថ្ងៃ៧មករា ឆ្នាំ១៩៧៩, ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។ អ្វីដែលយើងចង់បាន គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលត្រូវតែថែរក្សាការពារឱ្យបានរឹងមាំ ទោះមានការប៉ុនប៉ងចង់ផ្លាស់ប្តូររបបនយោបាយកម្ពុជាក្តី។