ឯកឧត្តម វេង សាខុន អនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម


រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម នៅឯទីស្តីក្រសួង ដើម្បីជម្រាបជូនអំពីសកម្មភាពការងាររបស់សមាគម និងស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាសហប្រធានទទួលបន្ទុកផ្នែកកសិកម្ម បានមានប្រសាសន៍ថា សមាគមមានគោលបំណងក្នុងការគាំទ្រ និងជំរុញការងារចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងបែបអាជីវកម្ម ដើម្បីឆ្លើយតបតាមគោលការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍអាជីវកម្មខ្នាតធំ និងតូចរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាវិស័យឯកជនក៏បានចូលរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ថ្មីៗសមាគមបានជួបពិភាក្សាជាមួយខាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការបន្ធូរបន្ថយ ឬលុបបំបាត់ការយកពន្ធពីអ្នកចិញ្ចឹមជ្រូកដើម្បីលើកទឹកចិត្តដល់ការចិញ្ចឹម និងអាចប្រកួតប្រជែងជាមួយការនាំចូល។ ទន្ទឹមនឹងនេះ សមាគមនឹងរៀបចំជារបាយការណ៍ប្រចាំខែជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវសកម្មភាពរបស់សមាគមប្រចាំខែ ដើម្បីរាយការណ៍ពីវឌ្ឍនៈភាព និងបញ្ហាប្រឈមដែលកើតមានឡើង។ ឆ្លៀតក្នុងឱកាសនោះ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងពីការសោកស្តាយដែលកន្លងមក មានលេចលឺពត៌មានអវិជ្ជមានចំពោះក្រសួងតាមរយៈសារព័ត៌មាននានា ហើយបច្ចុប្បន្នសមាគមបាននឹងកំពុងពង្រឹងសមាជិកឡើងវិញ និងបានរៀបចំផែនការក្នុងការចិញ្ចឹមមួយច្បាស់លាស់ ដើម្បីបំពេញតម្រូវការទីផ្សារ និងកំណត់តម្លៃលក់ និងធ្វើការពិភាក្សាជាមួយអ្នកនាំចូលអំពីបរិមាណ និងតម្លៃ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នារវាងអ្នកចិញ្ចឹមក្នុងស្រុក និងអ្នកនាំចូល។ លើសពីនេះសមាគមនឹងចូលរួមសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីតាមដាន និងរាយការណ៍ជូនក្រសួងអំពីការវិវត្តនៃស្ថានការណ៍។ ជាមួយគ្នានេះដែរ ខាងសមាគមបានស្នើសុំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយសហការផ្តល់លទ្ធភាពឲ្យសមាគមនៅតាមបណ្តារាជធានីខេត្តចូលរួមក្នុងសកម្មភាពទប់ស្កាត់នូវរាល់ការនាំចូលដែលគ្មានច្បាប់អនុញ្ញាត។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាដើម្បីលើកទឹកចិត្តដល់ការចិញ្ចឹមក្នុងស្រុក រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការបង្កើនកំរៃលើសាច់នាំចូល ដើម្បីធានាតុល្យភាពរវាងតម្លៃនៃការចិញ្ចឹមក្នុងស្រុក និងការនាំចូល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថាកម្ពុជាបានអនុវត្តនូវគោលនយោបាយទីផ្សារសេរីដែលត្រូវធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ ដូច្នេះរាជរដ្ឋាភិបាលមិនអាចបិទការនាំចូលទាំងស្រុងបាននោះទេ ដោយឡែកវិស័យឯកជន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសិក្សាអោយបានល្អិតល្អន់ពីកត្តាដែលបង្កឲ្យថ្លៃដើមថ្លៃជាងប្រទេសជិតខាង ជាពិសេសវត្ថុធាតុដើមដែលយកមកប្រើប្រាស់ជាចំណីសត្វកន្លងមកគឺភាគច្រើនជាផលិតផលនាំចូល និងតម្លៃអគ្គិសនីនៅកម្ពុជាក៏ពុំទាន់មានភាពប្រកួតប្រជែង ដូច្នេះអ្នកចិញ្ចឹមសត្វទាំងអស់គួរពិនិត្យមើលលទ្ធភាពប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានស្រាប់ និងមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រភេទអគ្គិសនីដែលមានភាពសន្សំសំចៃ ទើបផលិតផលយើងអាចប្រកួតប្រជែងបាន។ ទន្ទឹមនឹងនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ត្រូវពិនិត្យមើលពីការពង្រឹងគុណភាព និងសុវត្ថិភាពនៃការចិញ្ចឹម ដើម្បីធានាដល់សុខមាលភាពសង្គម និងផ្តល់ភាពជឿទុកចិត្តដល់ប្រជាពលរដ្ឋដែលទទួលទានប្រចាំថ្ងៃ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាសមាគមនឹងខិតខំរួមគ្នាក្នុងការជំរុញខ្សែសង្វាក់ផលិតកម្មកសិកម្ម តាមរយៈការប្រមូលទិញកសិផលក្នុងស្រុកមកធ្វើការកែច្នៃជាចំណីសត្វ និងចូលរួមសហការគ្រប់គ្រងបរិមាណនៃការចិញ្ចឹម និងការនាំចូលឲ្យបានច្បាស់លាស់ ហើយ
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចាត់តាំងតំណាងតាមបណ្តារាជធានីខេត្ត និងស្នើមកក្រសួង នោះក្រសួងនឹងបញ្ជូនទៅតាមរាជធានីខេត្តដើម្បីបង្កើតជាគណៈកម្មការទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ និងអាណាធិបតេយ្យ។
កិច្ចជំនួបនេះ បានបញ្ចប់នៅវេលាម៉ោង ១៦:២០ នាទីរសៀលថ្ងៃដដែល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងយោគយល់ខ្ពស់។