(កណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំឲ្យសមត្ថកិច្ច ពិសេសនគរបាលរាចរណ៍ត្រូវខិតខំប្រឹងប្រែង ដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវតែផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងហេតុការណ៍ដែលកើតឡើង។
ការគូសបញ្ជាក់បែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងកិច្ចសម្ភាសខ្លីមួយជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រារព្ធពិធីទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ក្រោយការចោទសួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីពេលកន្លងទៅ បណ្ដាលឲ្យមានទារកម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរបួសធ្ងន់ ខណៈអ្នកបង្កស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងនៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ហើយមកទល់ពេលនេះ អ្នកបង្កមិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ហេតុការណ៍ដែលកើតឡើងនៅកន្លែងមួយ សមត្ថកិច្ចនៅកន្លែងនោះ ត្រូវខិតខំប្រឹងប្រែងដោះស្រាយផ្ដល់យុត្តិធម៌ឲ្យអ្នករងគ្រោះ»។ បើតាមការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ក្នុងករណីបង្កឲ្យអ្នកដទៃស្លាប់ និងរបួស ហើយរត់គេចខ្លួន ជនបង្កគឺច្បាស់ជាទទួលទោសធ្ងន់។
គួរជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើអ្នកបើកបរម្នាក់ ដែលស្ថិតក្នុងស្ថានភាព ស្រវឹង ហើយបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យទារកអាយុ៦០ថ្ងៃម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញផងដែរ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ក្រោយពីទទួលបានសំណុំរឿងពីមន្ដ្រីនគរបាលយុត្តិធម៌ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងពាក្យបណ្ដឹងផ្ទាល់របស់ភាគីជនរងគ្រោះ តំណាងអយ្យការបានធ្វើការស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ជាឲ្យចូលខ្លួនលើជនបង្ក គ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះនៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ។
ក្រោយពីបានស៊ើបអង្កេតចប់សព្វគ្រប់ ព្រមទាំងបានពិនិត្យលើភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានបើកការស៊ើបសួរលើអង្គហេតុគ្រោះថ្នាក់ចរាចរណ៍លើឈ្មោះ សោម ណូរីទីឃា ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្តាលឲ្យស្លាប់ និងមានរបួសដល់អ្នកដទៃ» ប្រព្រឹត្តនៅចំណុចលើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-9989 ដែលបើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យបុកនឹងម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្តាល1B-9979 ដែលបើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ៤០ឆ្នាំ រួមដំណើរដោយឈ្មោះ កែវ លក្ខិណា ភេទស្រី អាយុ៣១ឆ្នាំ និងឈ្មោះ សុខ ឡេង ភេទប្រុស អាយុ៦០ថ្ងៃ (ស្លាប់)៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMWpTQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--eb8ecdc00fb3becd84c7307c864613827cd25e48/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/349174400_548757110796594_91032.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMWJTQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--f81f5dd7f3ed44b9aa430fcba66901292d3b5382/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/349302705_635574174760503_30904.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVhTQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--7be408b97fac724c9ded00b578673ae7c577104d/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/349191631_1318584202058614_2978.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVBTQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--171c1275c38618c32f3f0dc224370bb2f0888491/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/349118693_209181038630372_72374.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMVRTQkE9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--5719aa1d46796b38b8ca3ee0a7b7581e1c58e2c1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/349120556_263028573055672_31485.jpg)