សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរសម្ដេចពញាចក្រី ហេង សំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា នាឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុ គម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសារលិខិតទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់៨៩ឆ្នាំ ឈានចូល៩០ឆ្នាំ របស់ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្ដែងនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាឈៀសវៃ កាយពលរឹងមាំខ្លាំងក្លា សុខភាពល្អបរិបូណ៌ និងជន្មាយុយឺនយូរចាកផុតពីរោគាព្យាធិនានាតរៀងទៅ។

យើងខ្ញុំទាំងអស់គ្នាតែងតែនឹកឃើញ និងចងចាំជានិច្ចប្រកបដោយការគោរពដឹងគុណយ៉ាងស្មោះអស់ពីដួងចិត្តនូវឆន្ទៈ និងសកម្មភាពស្នេហាជាតិ និងប្រជាជនដ៏មោះមុតបំផុតរបស់ សម្ដេចអគ្គមហាពញាចក្រី ដែលជានិច្ចកាលបានខិតខំតស៊ូលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងសមត្ថភាពស្ថាប័ន សំដៅលើកកម្ពស់សុខុមាលភាពជីវភាពរស់នៅរបស់ប្រជាជន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើន រួមចំណែកបន្តអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឱ្យរឹងរឹតតែមានវឌ្ឍនភាពជឿនលឿនខ្លាំងក្លាថែមទៀត ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាយើង។

ឆ្លៀតក្នុងឱកាសដ៏សិរីមង្គលាភិរម្យវិសេសវិសាលប្រពៃថ្លៃថ្លានៃពិធីចម្រើនអាយុវឌ្ឍនមង្គលនេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ និងភរិយា»៕