រដ្ឋមន្ដ្រីសុខាភិបាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃមណ្ឌលសុខភាព ហ៊ុនសែន ថ្មដា ខេត្តពោធិ៍សាត់


(ពោធិ៍សាត់)៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមបណ្ឌិត ទី ថានី តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ លោក Song Yonggun ប្រធានមូលនិធិកូរ៉េថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ជាពិសេសនៅឃុំថ្មដា។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសរំលេចថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់ រូបឱ្យកាន់តែល្អ ប្រសើរឡើង ពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្រ្តី និងកុមារ ជនចាស់ជរា ពិការភាព សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការបន្តកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្រសួងសុខាភិបាលកំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈមានផ្តល់សេវាពិនិត្យ តាមដាន និងព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។ល។ ដោយរាល់ការចំណាយជាបន្ទុករបស់រដ្ឋ ចំពោះប្រជាពលរដ្ឋក្រីក្រ ឬមានប័ណ្ណមូលនិធិសមធម៌។

«លើសពីនេះទៀតរាជរដ្ឋាភិបាល បានផ្តល់ការឧបត្ថម្ភបន្ថែមជាសាច់ប្រាក់ ដល់ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណប.ស.ស ឬមូលនិធិសមធម៌ រហូតដល់កូនមានអាយុ២ឆ្នាំ ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលពោល គឺគ្មាននណាម្នាក់ត្រូវបានទុកចោលដោយមិន ទទួលបានសេវាថែទាំសុខភាព»។ នេះតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមសាស្ដ្រាចារ្យ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវការកោតសរសើរចំពោះ ការរីកចម្រើនវិស័យសុខាភិបាលខេត្ត ពោធិ៍សាត់ ជាក់ស្តែងមន្ទីរពេទ្យបង្អែកត្រូវបានបង្កើតនៅគ្រប់ស្រុកប្រតិបត្តិ ជាបង្អែកឱ្យមណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ក្នុងការធានានូវសេវាសុខភាពជាសារវ័ន្ត ទោះបីជាខេត្តពោធិ៍សាត់ និងទូទាំងប្រទេសបានរង នូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតី បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច និងលំនឹងជីវភាព ប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។

ថ្មីៗនេះកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី អាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ក្នុងបរិយាកាសមហោឡារិក អធឹកអធម ល្បីខ្ទរខ្ទាទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និងខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យឋិតថេរជាអមតៈ។ នេះតាមការលើកឡើងរបស់លោកសាស្ដ្រាចារ្យ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ក្នុងដំណើរការអភិវឌ្ឍកម្ពុជាយើង រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ហើយវិស័យសុខាភិបាល ក៏ជាអាទិភាពមួយ ដែលត្រូវបានធានាសម្រាប់លើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋជាសំខាន់។ ជាក់ស្តែង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មី នៃមណ្ឌលសុខភាព ហ៊ុនសែន ថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់នាពេលនេះ ជាសក្ខីភាពមួយក្នុងការរួមចំណែក ផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនយើង មានការអភិវឌ្ឍ និងឈានទៅកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលជាចក្ខុវិស័យដ៏មុតស្រួច របស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

ប្រធានមូលនិធិកូរ៉សម្រាប់ការថែទាំសុខភាពអន្តរជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា KOFIH បានចាប់ផ្តើមកិច្ចសហប្រតិបត្តិជាមួយ ក្រសួងសុខាភិបាល តាំងពីឆ្នាំ២០១១ ដើម្បីជួយពង្រឹង និងពង្រីកហេដ្ឋារចនា សម្ព័ន្ធសុខាភិបាល ពង្រឹងសមត្ថភាពបុគ្គលិកថែទាំសុខភាព និងអភិបាលកិច្ចល្អ ក្នុងការលើកកម្ពស់សុខភាពមាតា និងទារក ព្រមទាំងពង្រឹងគុណភាពនៃសេវាថែទាំសុខភាព នៅក្នុងខេត្តចំនួន៣គឺ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។

លោកប្រធានមូលនិធិបានគូសបញ្ជាក់ថា KOFIH ប្តេជ្ញានឹងបន្តភាពជាដៃគូដ៏រឹងមាំជាមួយក្រសួង សុខាភិបាល កម្ពុជា តាមរយៈការពង្រឹងនិងពង្រីកសកម្មភាពបន្ថែមទៀត រួមមានការគ្រប់គ្រងជំងឺរ៉ាំរ៉ៃ និងជំងឺឆ្លង ដើម្បីចូលរួម ចំណែកឈានទៅសម្រេចឱ្យបានការដណ្តប់សុខភាពជាសកល។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងកូហ្វី ដែលបានផ្តល់នូវជំនួយជាថវិកា សម្ភារៈបរិក្ខារ និងការបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធ្វើ ឱ្យកាន់តែប្រសើរឡើងថែមទៀតប្រព័ន្ឋសុខាភិបាលនៅកម្ពុជា៕