សម្តេចតេជោ ហ៊ុន សែន៖ កម្មវិធីផ្តល់ប្រាក់ជូនកម្មការិនី ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ចាប់អនុវត្តន៍ពីខែសីហា, ម្នាក់ៗទទួលបាន ១លាន ៥២ម៉ឺនរៀល


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ដល់កម្មករ និយោជិតថា កម្មវិធីផ្តល់ប្រាក់ជូនកម្មការិនី ចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ ជាមួយនឹងការបង្កើនទឹកប្រាក់ ១០០% ទាំងការពិនិត្យផ្ទៃពោះ ទាំងការឆ្លងទន្លេ និងពេលពិនិត្យសុខភាពក្រោយសម្រាល នឹងចាប់អនុវត្តន៍ចាប់ពីខែសីហាតទៅ ដោយក្នុងម្នាក់ៗទទួលថវិកា១លាន ៥២ម៉ឺនរៀល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៩,០០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ចឹងឥលូវយើងសម្រេចបង្កើន ១០០% ទៅលើចំនួនដែលយើងបានអនុវត្តន៍ ដែលមុននេះគឺនៅពេលដែលយើងទៅពិនិត្យម្តង គេផ្តល់ប្រាក់ត្រឹមតែចំនួន ៤ម៉ឺនរៀល ឥលូវពេលដែលយើងទៅពិនិត្យផ្ទៃពោះម្តងបាន ៨ម៉ឺនរៀល ហើយមុនពេលឆ្លងទន្លេត្រូវទៅពិនិត្យ ៤ដង ដែលពីមុនមកនៅពេលទៅពិនិត្យគេត្រឹមតែពិនិត្យឱ្យទេ តែលើកនេះចាប់ពីពេលនេះទៅ គឺក្មួយៗពេលទៅពិនិត្យផ្ទៃពោះ គេឱ្យលុយយើងវិញ ហើយប្រហែលជាមានប្រទេសមិនច្រើនទេដែលធ្វើរឿងនេះ ចឹងសូមបញ្ជាក់បន្តិច ចាប់ពីខែសីហាទៅបានធ្វើ ហើយឥលូវនេះអ្នកដែលទទួល៤ម៉ឺនរៀល នៅសិន ព្រោះត្រូវធ្វើអន្តរកាលដើម្បីរៀបចំអនុវត្តន៍បន្ត»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា តាមគោលការណ៍ថ្មីនេះកម្មការិនីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ៤ដង និងទទួលបានថវិកា ៣២ម៉ឺនរៀល ដល់ថ្ងៃឆ្លងទន្លេនឹងទទួលបាន ៤០ម៉ឺនរៀល នៅពេលកូនកើតហើយ ត្រូវទៅពិនិត្យសុខភាព ១០ដងទៀត ទាំងម្តាយនិងកូន នៅពេលពិនិត្យម្តងជូន ៨ម៉ឺនរៀល ដូចនេះក្នុងស្ត្រីម្នាក់ដែលចាប់ផ្តើមពីឆ្លងទន្លេរហូតដល់កូនមានអាយុ២ឆ្នាំ និងទទួលបានថវិកា ១,៥២០,០០០រៀល ដែលនេះជាការចំណាយរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ឥលូវនេះយើងអនុវត្តន៍នៅគោលការណ៍ចាស់សិន ហើយចាប់ពីខែសីហា តទៅនឹងត្រូវអនុវត្តន៍នូវគោលការណ៍ថ្មីនេះ ដែលបានបង្កើនទឹកប្រាក់ ១០០% ទាំងអស់ ទាំងការពិនិត្យផ្ទៃពោះ ទាំងការឆ្លងទន្លេ និងពេលពិនិត្យសុខភាពក្រោយសម្រាល។ សម្តេចបានបញ្ជាក់ថា នេះមិនមែនជាចំនួនមួយគ្រប់គ្រាន់សម្រាប់ការឆ្លងទន្លេរបស់ស្ត្រីនោះទេ តែវាជាចំណែកមួយក្នុងការផ្តល់អាហារូបត្ថម្ភ សម្រាប់ស្ត្រីដែលមានផ្ទៃពោះនិងកូន ហើយនេះក៏ជាផ្នែកមួយនៃវិធានការដើម្បីកាត់បន្ថយនូវអត្រាមរណៈមាតា និងទារក។

សម្តេចតេជោ បានបន្ថែមថា បើតាមគោលការណ៍ថ្មីចំនួនទី២នេះ រាជរដ្ឋាភិបាលត្រូវបង្កើនថវិកាក្នុងមួយឆ្នាំប្រមាណជិត ១៣លានដុល្លារបន្ថែមទៀត លើចំនួនដែលធ្លាប់បានចាយពេលកន្លងទៅ ហើយសម្រាប់ថវិកា ១៣លានដុល្លារនេះ វាមិនមែននាំទៅឱ្យរាជរដ្ឋាភិបាលដួលរលំនោះទេ ព្រោះយើងកំពុងតែធ្វើការវិនិយោគមនុស្សទៅលើមនុស្ស ហើយគោលនយោបាយរបស់យើង គឺការផ្សារភ្ជាប់ជាមួយការដោះស្រាយបញ្ហាឱ្យមនុស្សផងដែរ៕