ពលរដ្ឋ៥៣គ្រួសារ នៅស្រុកកំរៀង រងគ្រោះដោយសារខ្យល់កន្ដ្រាក់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង


ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចាត់តំណាងក្រុមការងារសាខាខេត្តដឹកនាំដោយ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ ចំនួន៥៣គ្រួសារ មកពីភូមិចំនួន២១ ក្នុងឃុំចំនួន៦ នៃស្រុកកំរៀង ក្នុងនោះ (រលំទាំងស្រុង ១២ខ្នង និងរបើកដំបូល៤១ខ្នង) ដែលរងគ្រោះកាលពីថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

ថ្លែងក្នុងឱកាសនោះ លោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឲ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ជាមួយនោះ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីសង់ផ្ទះស្នាក់នៅឡើងវិញ។ ក្នុងការរស់នៅត្រូវអនុវត្តវិធានការអនាម័យស្អាត៣យ៉ាង ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល «៣ការពារ និង៣កុំ» និងចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមួយគ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ។ ដោយឡែកអ្នករលំទាំងស្រុង បន្ថែមសំពត់រង១ និងឃីត១ កញ្ចប់ផងដែរ៕