រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាល ជូនថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាល ខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


(បាត់ដំបង)៖ ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង, បន្ទាយមានជ័យ និងប៉ៃលិន ចំនួន១៨៤រូប ដែលបានរួមចុះណែកក្នុងការប្រយុទ្ធប្រឆាំងជំងឹកូវីដ១៩ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងនាមក្រសួងសុខាភិបាល និងក្នុងនាមខ្លួនលោកផ្ទាល់ សូមសម្ដែងនូវការអបអរសាទរជាមួយមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ដែលបានទទួលនូវការយកចិត្តទុកដាក់ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលប្រគល់ប័ណ្ណសរសើរ។

ឯកឧត្តមសូមនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។

ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលកន្លងដែលប្រទសកម្ពុជា ត្រូវបានពិភពលោកប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូច មានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យ របស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឲ្យកត់សម្គាលនេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈការប្រើប្រាស់កម្លាំងសរុបរបស់ជាតិនោះ គឺការបង្កើតគណៈ កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រដោយគណៈកម្មការ ចំនួន៤។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសូមសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលទាំងអស់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និយាយដោយឡែក និងប្រជាពលរដ្ឋទូទាំងប្រទេសនិយាយជារួម ដែលបានចូលរួមសហការក្នុងការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងធានាបាននូវការផ្តល់សេវាសុខភាពជាសារវ័ន្ត ទោះបីជាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន និងទូទាំងប្រទេសបានរងនូវផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

ឯកឧត្តមរដ្ឋមន្រ្តីសូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អ រវាងអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធនានាក្នុង ការទប់ស្កាត់រាល់បាតុភាពអសកម្មទាំងឡាយ ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខភាព និងអាយុជិវិតរបស់ ប្រជាពលរដ្ឋដោយបង្ក្រាបបានជាអតិបរមានូវការលក់ឱសថក្លែងក្លាយ ការនាំចូលឱសថដែលពុំមានច្បាប់អនុញ្ញាតសេវាសុខាភិបាលខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបន្ថែមថា សេវាសុខាភិបាល សាធារណៈកាន់តែទទួលបានទំនុកចិត្តពីប្រជាជន តែយើងក៏ត្រូវតែខិតខំពង្រឹងបន្ថែមទៀត ជាពិសេស ក្រមសីលធ៌មវិជ្ជាជីវៈ អត្តចរិតស្លូតបូត រាក់ទាក់ ប្រកបដោយការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលពួកគាត់ត្រូវការ ដើម្បីឲ្យពួកគាត់កាន់តែពេញចិត្ត និងគាំទ្រសេវារបស់យើង៕