អភិបាលខេត្តកែប អំពាវនាវពលរដ្ឋ ត្រូវរក្សាការអភិវឌ្ឍ សុខសន្តិភាពជាអមតៈ និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា


ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវដល់ពលរដ្ឋ ត្រូវរក្សាការអភិវឌ្ឍ សុខសន្តិភាពជាអមតៈ និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

ការអំពាវនានេះ ខណ:លោកអធិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទជាច្រើននាក់ ចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ប្រមាណ១០០គ្រួសារ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្តចរិយាវង្ស ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

នាឱកាសសំណេះសំណាលនោះឯកឧត្តម សោម ពិសិដ្ឋ បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីស្រឡាញ់។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្វែងយល់ជុំវិញជីវភាពរស់នៅ និងការបង្កបង្កើនផលស្រូវ ការដាំដុះដំណាំរួមផ្សំផ្សេងៗ និងការចិញ្ចឹមសត្វ របស់បងប្អូន។ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកណែនាំពីការបង្ការជំងឺកូវីដ១៩ ការធ្វើអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់ដូស គ្រប់ៗគ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានចែកជូនអំណោយរួមមាន៖ អង្ករ អមដោយថវិកាមួយចំនួនដល់អ្នកចូលរួមនៅទីនោះផងដែរ៕