ឯកឧត្តមរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែប្រវែងជាង ១២គីឡូម៉ែត្រ ចំណាយជាង ២លានដុល្លារ នៅខេត្តកំពង់ឆ្នាំង


ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន០១ខ្សែ ប្រវែង១២គីឡូម៉ែត្រ និង៣៣០ ម៉ែត្រ ដែលមានទីតាំងតភ្ជាប់ពីភូមិមានជ័យ ទៅដល់ភូមិកងមាស ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ធ្វើឡើងនៅបរិវេណវត្តធម្មសុវណ្ណ ហៅវត្តឈើត្រាច ភូមិឈើត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងឲ្យដឹងថា នេះជាគម្រោងរបស់រាជរដ្ឋាភិបាល ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា NRRPCP ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank­AIIB)។ ការសាងសង់ផ្លូវនេះ នឹងប្រើរយៈពេល ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែ ឧសភា ឆ្នាំ២០២៤ ដែលទទួលកិច្ចសន្យាសាងសង់ ដោយក្រុមហ៊ុន C.NO Construction & Investment Co., Ltd ក្នុងទឹកប្រាក់ចំនួន ២ ២៥៤ ៦៧៤.៩៥ ដុល្លារអាមេរិក។

ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា នេះចំណងដៃថ្មីបន្ថែមទៀត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត នៅក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងនេះ ដើម្បីបន្តរក្សានិរន្តរភាពសេដ្ឋកិច្ចជនបទ ពិសេសស្តារជីវភាពរស់នៅរបស់ប្រជាជននៅជនបទ ឱ្យកាន់តែល្អប្រសើរឡើង បន្ទាប់ពីកម្ពុជាបាន និងកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងបានលើកឡើងពីសារៈសំខាន់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូននៅជនបទ ដែលប្រៀមដូចជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗក្នុងតំបន់ ជាមូលដ្ឋានគ្រឹះជំរុញកំណើនប្រាក់ចំណូល របស់ប្រជាជននៅលជនបទ ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ត្រៀមឯកសារពាក់ព័ន្ធ និងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ និងបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រសម្តចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងបានបញ្ជាក់ថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែងសរុប ១២គីឡូម៉ែត្រ ៣៣០ម៉ែត្រ ក្នុងនោះប្រវែង ១០គីឡូម៉ែត្រ និង២៦ គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីជាន់ DBST និង២គីឡូម៉ែត្រ ០៧ម៉ែត្រ ជាប្រភេទផ្លូវប៉េតុង មានទទឹងប្រវែង០៨ ម៉ែត្រ សាងសង់លូប្រអប់០២ កន្លែង លូមូលកាត់ទទឹងផ្លូវ ២៣កន្លែង និងលូមូលកាត់ផ្លូវបំបែក២០ កន្លែង បំពាក់ស្លាកសញ្ញាសុវត្ថិភាព តាមបណ្តោយខ្សែផ្លូវ ស្លាកសញ្ញាចរាចរណ៍ចំនួន ៨៧ កន្លែង គំនូសតាមអ័ក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់ ចំនួន ០៣ កន្លែង។

គម្រោង NRRPCP នឹងស្ថាបនាផ្លូវប្រវែងសរុប ២៣៥ គីឡូម៉ែត្រ តាមផែនការ ក្នុងនោះផ្លូវក្រាលកៅស៊ូមានប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ សាងសង់ស្រះសហគមន៍ចំនួន ១៥០ ស្រះ ក្នុងខេត្តគោលដៅទាំង៥ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន និងខេត្តកោះកុង។ គម្រោងនេះ ចាប់ផ្ដើមអនុវត្តពី ឆ្នាំ២០២១ ដល់ ឆ្នាំ២០២៤ ដែលមានថវិកាសរុបចំនួន ៦៧ លានដុល្លារអាមេរិច ដែលក្នុងនោះ ថវិកាចំនួន ៦០ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគាAIIB និង ៧.៥ លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕