សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋាភិបាលចិន តែងគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលចិន តែងតែគោរពរាល់សំណូមពររបស់កម្ពុជា ដែលកម្ពុជាត្រូវការធ្វើផ្លូវនេះមុន ឫធ្វើស្ពាននោះមុន គឺមិត្តចិនតែងតែគោរពនូវសំណូមពររបស់កម្ពុជា ដែលត្រង់នេះហើយដែលកម្ពុជានិងចិន អាចធ្វើការបានលឿនជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «មិត្តចិនគឺមិនខកចិត្តទេ ហើយរឿងមិនខកចិត្ត ដោយសារតែរបៀបរបស់យើងគឺធ្វើការពិគ្រោះគ្នា មិត្តចិនគោរពសំណូមពររបស់កម្ពុជា ដែលថាកម្ពុជាត្រូវការធ្វើផ្លូវនេះមុន ធ្វើស្ពាននោះមុន គឺមិត្តចិនគោរពនូវសំណូមពររបស់កម្ពុជា ត្រង់នឹងហើយដែលយើងធ្វើលឿនជាមួយគ្នា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា អ្នកដ៏ទៃខ្លះ នៅពេលដែលកម្ពុជាចង់បានស្ពានមួយនេះ តែគេថាចង់បានស្ពានមួយនោះផ្សេង ហើយបើកម្ពុជាមិនតាមគេ នោះគេមិនឱ្យលុយនោះទេ ប៉ុន្តែមិត្តចិនគឺគោរពតាមការសម្រេចចិត្តរបស់កម្ពុជា ដែលនេះហើយដែលសម្តេចបានផ្តល់នូវការវាយតម្លៃខ្ពស់ជាមួយនឹងការគោរព ដែលមិនមែនគ្រាន់តែការគោរពនូវឯករាជ្យ អធិបតេយ្យរបស់កម្ពុជាទេ គឺគោរពលើការសម្រេចចិត្តនានារបស់កម្ពុជា រាប់ទាំងគម្រោងអភិវឌ្ឍន៍នានា ព្រោះគ្មានអ្នកណាស្គាល់កម្ពុជានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មានតែកម្ពុជាទេដែលដឹងច្បាស់ថា ផ្លូវមួយណាត្រូវការមុន ផ្លូវមួយណាដែលត្រូវការក្រោយ ព្រោះកញ្ចប់លុយរបស់កម្ពុជាគឺមានកម្រិត ហើយកម្ពុជាក៏បានដាក់ពិដានបំណុលរួចហើយដែរថា ក្នុងមួយឆ្នាំៗ ត្រូវខ្ចីប៉ុន្មាននឹងមិនត្រូវឱ្យលើសពិដានបំណុលនោះឡើយ។

សម្តេចតេជោ បានបន្ថែមដែរថា មិត្តចិនតែងតែឱ្យកម្ពុជាដាក់តម្រូវការផែនការទៅឱ្យមិត្តចិនប្រចាំឆ្នាំ ហើយរាល់ពេលដែលកម្ពុជា សុំដូរនូវគម្រោងដែលជាតម្រូវការរបស់កម្ពុជាដែលបានដាក់ទៅហើយ ក៏មិត្តចិនយល់ព្រម និងធ្វើតាមការសម្រេចចិត្តរបស់កម្ពុជា ដែលនេះគឺជាចំណុចល្អ៕