ពលរដ្ឋងាយរងគ្រោះ២០០គ្រួសារក្នុងស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត


ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយសហការី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ជនងាយរងគ្រោះខ្វះខាតជីវភាពចំនួន២០០គ្រួសារ នៅក្នុងបរិវេណវត្តភ្នំវិហារ ឃុំតាំងក្រសាំង ស្រុកបាធាយ។

បន្ទាប់ពីថ្លែងនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតាលោកយាយចាស់ៗសូមឱ្យថែរក្សាសុខភាព ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ជៀសវាងការចម្លងជំងឺពីសត្វល្អិតផ្សេងៗ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសមានសន្តិភាព ដូចនេះសន្តិភាពមានតម្លៃធំណាស់សម្រាប់ប្រជាជនកម្ពុជា ពោលប្រសិនបើគ្មានសន្តិភាពពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋពិតជារស់នៅ ពុំបានសុខសាន្តនោះឡើយ ដូច្នេះយើងត្រូវបន្តខិតខំថែរក្សាការពារសន្តិភាពដែលកំពុងមានស្រាប់នេះ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិយើងតទៅមុខទៀត។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនលោកតាលោកយាយ ជនងាយរងគ្រោះទាំង២០០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គ.ក្រ ទឹកត្រី១យួរ មីជាតិ១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង សាប៊ូ៤ដុំ ឃីត១កញ្ចប់ និងថវិកា៣០,០០០រៀល៕