ដើមក្ងោក១ពាន់ដើម ជាអំណោយរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវនាំមកដាំនៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល, អាជ្ញាធរអំពាវនាវពលរដ្ឋចូលរួមទប់ស្កាត់ និងឈប់កាប់ព្រៃឈើខុសច្បាប់


ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានស្រុករំដួល ត្រូវនាំគ្នាទប់ស្កាត់ បញ្ឈប់ការកាប់ព្រៃឈើ ការកាប់ទន្ទ្រាន ឈូសឆាយព្រៃ ហើយចូលរួមថែរក្សាការពារព្រៃ ជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ឱ្យនៅគង់វង្ស។

ការថ្លែងបែបនេះរបស់ឯកឧត្តម តូ ច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងពិធីដាំដើមក្ងោកចំនួន ១,០០០ដើម ក្រោមប្រធានបទ «ដើមឈើមួយដើម លម្អរសោភ័ណភាព និងការចូលរួមការពារបរិស្ថានក្នុងសហគមន៍យើង» នៅក្នុងឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម តូច ប៉ូលីវ៉ា បានថ្លែងថា ការជួបជុំគ្នាដើម្បីដាំដើមក្ងោកចំនួន ១,០០០ដើម នៅក្នុងឃុំថ្នាធ្នង់នាពេលនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យឃុំមានកូនឈើ ដើមផ្កា រាប់ពាន់ដើម នៅតាមទីសាធារណៈ និងអមសងខាងផ្លូវ ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងនៅក្នុងឃុំ។

ឯកឧត្តមបានបន្តថា ព្រៃឈើបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសផ្តល់សារប្រយោជន៍ជាច្រើន ដល់សង្គមជាតិទាំងបច្ចុប្បន្ន និងអនាគត ព្រៃឈើជាសម្បតិធម្មជាតិដ៏មហាសាល សម្រាប់មនុស្ស និងសត្វនៅពេលណាបាត់បង់ព្រៃឈើគ្រប់ប្រភេទ បណ្តាលឱ្យមានទឹក ជំនន់ ខ្យល់កន្ត្រាក់ រន្ទះ និងការរាំងស្ងួត។

ឯកឧត្តមបានបញ្ជាក់ថា ជាភ័ព្វសំណាងសម្រាប់ឃុំថ្នាធ្នង់ ស្រុករំដួល ដែលទទួលបានដើមក្ងោកចំនួន១,០០០ដើម ជាអំណោយរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន សម្រាប់ដាំទុកជាអនុស្សាវរីយ៍។

ជាមួយគ្នានេះ ក្រោយពីបានដាំដើមក្ងោកនេះ រួចរាល់ លោកអភិបាលរងខេត្តស្វាយរៀង បានណែនាំ និងសំណូមពរទៅដល់ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវដាក់បេះដូងស្រលាញ់ និងមើលថែរក្សាដើមក្ងោកនេះ ឱ្យដូចទ្រព្យសម្បត្តិរបស់យើង ថែទាំយ៉ាងណាឱ្យលូតលាស់ល្អ ជៀសផុតពីការបំផ្លាញពីសត្វពាហនៈ ឬងាប់ដោយមិនបានស្រោច ទឹកជាដើម។
*២៖ យើងត្រូវរួមគ្នាដាំដើមឈើ មិនតែប៉ុណ្ណោះពលរដ្ឋគ្រប់រូបមានភារកិច្ចថែរក្សាការពារប្រភពទ្រទ្រង់ ជីវិតនេះ ដោយត្រូវចូលរួមថែរក្សាការពារអភិរក្ស និងអភិវឌ្ឍព្រៃឈើ ឱ្យមានប្រសិទ្ធិភាព និងនិរន្តរភាពដើម្បីជាប្រយោជន៍ដល់មនុស្សជាតិយើងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត។
*៣៖ ម្ចាស់ផ្ទះដែលមានដើមឈើនៅមុខផ្ទះរបស់ខ្លួនត្រូវជួយថែររក្សា ប្រសិនបើដើមឈើនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋអាជ្ញាធរត្រូវរៀបចំកម្លាំងមកមើលរក្សាឱ្យបានជាប់ជាប្រចាំ
*៤៖ សូមបងប្អូនអ្នកដែលបានចូលរួមថ្ងៃនេះធ្វើយ៉ាងណាបំផុសស្មារតី ផ្សព្វផ្សាយ ឱ្យបងប្អូនយើងខិតខំដាំឈើគ្រប់ប្រភេទឲ្យបានច្រើនបន្ថែមទៀត៕