សម្តេចតេជោ ហ៊ុន សែន៖ កងទ័ពជាស្នូលថែរក្សាការពារបូរណភាពទឹកដី ការអភិវឌ្ឍជាតិ និងបានចូលរួមថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសកំពុងមានសង្គ្រាមស៊ីវិល តាមការស្នើរបស់អង្គការសហប្រជាជាតិ


សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កងទ័ពមិនត្រឹមតែជាស្នូលក្នុងថែរក្សាការពារបូរណភាពទឹកដី និងការអភិវឌ្ឍជាតិប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាកម្លាំងយ៉ាងរឹងមាំចូលរួមថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសដែលកំពុងមានសង្គ្រាមស៉ីវិល តាមការស្នើរបស់អង្គការសហប្រជាជាតិ (UN)។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធសមិទ្ធផលមួយចំនួន នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ ស្ថិតក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សុខសន្តិភាពជាបុព្វលក្ខខណ្ឌមិនអាចកាត់ផ្តាច់បាន នៃកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើន នៃប្រជាជាតិនីមួយៗ ពិសេសការធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយ។

តាមរយៈនេះ យើងអាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេងមិនកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ ដែលតែងតែបូជាសាច់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ដំណាក់កាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់កងទ័ពកម្ពុជា មិនត្រឹមតែជាស្នូលរ៉ាបរងការងារថែរក្សាការពារបូរណភាពទឹកដី និងរួមចំណែក ក្នុងការសង្គម-សេដ្ឋកិច្ចជាតិ ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាកម្លាំងយ៉ាងរឹងមាំចូលរួមរក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង»

ជាមួយគ្នានេះ ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការជួយជ្រោមជ្រែងបន្ថែមពីប្រទេសជាមិត្ត បានធ្វើឱ្យកងពលតូចលេខ៧០ ក្លាយជាកងទ័ពជំនាញមួយរបស់កងយោធពលខេមរភូមិន្ទ ដែលត្រូវបានលើកម្ពស់ សមត្ថភាពជាប្រចាំ ហើយមានឯកទេស សមត្ថភាពច្រើនដែលអាចបំពេញភារកិច្ចការពារបូរណភាពទឹកដីបានយ៉ាងពេញលេញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កងទ័ពត្រៀមលក្ខណៈសម្បត្តិឱ្យបានជាប់ជាប្រចាំឆ្លើយតបគ្រប់សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងអំពាវនាវកងទ័ពឱ្យពង្រឹង និងពង្រីកសមត្ថភាព កិច្ចការទាំងអស់ ដើម្បីកសាងប្រទេសឱ្យរីកចម្រើនដូចអរិយប្រទេស។

ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារ ភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១១បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។

សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូនកងកម្លាំងជិត ៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕