សម្តេចតេជោ ហ៊ុន សែន៖ ការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ជាការទះកំផ្លៀងមេដឹកនាំក្រុមប្រឆាំង ដែលធ្វើយុទ្ធនាការអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត នាពេលដ៏ខ្លីខាងមុខនេះ គឺជាការទះកំផ្លៀងមេដឹកនាំក្រុមប្រឆាំង​ ដែលបានដាក់ចេញយុទ្ធនាការ អំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

យុទ្ធនាការនេះត្រូវបានរៀបចំដោយ លោក រី គា សមាជិកអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ដែលដាក់ចេញនូវពាក្យស្លោកថ្មីថា «ខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ បើនៅតែបង្ខំខ្ញុំនឹងគូសខ្វែងសន្លឹកឆ្នោតចោល»

សម្តេចតេជោ បានបញ្ជាក់ថា វិសោធនកម្មខាងមុខនេះ ជាការអនុវត្តដូចគ្នាជាមួយប្រទេសថៃ សម្រាប់អ្នកនយោបាយដែលមិនទៅចូលរួមបោះឆ្នោត ដែលពួកគេនឹងបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត នៅពេលក្រោយ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «​បើអ្នកឯងមិនបានបោះឆ្នោត​ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ តំណែងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌក្រុងខេត្តរាជធានី សម្រាប់តំណែងសមាជិកព្រឹទ្ធសភា និងតំណែងសមាជិករដ្ឋសភា នៅឆ្នាំ២០២៨ អញ្ចឹងខ្ញុំវ៉ៃអ្នកឯងឱ្យចប់រឿង ដោយសារអ្នកឯងចេះតែកេះខ្នងខ្ញុំ ចេះតែចាក់ខ្ញុំ»

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការញុះញង់ និងបំភ្លៃរបស់ទណ្ឌិត សម រង្ស៉ី ដោយចោទថា សម្តេចមានសញ្ជាតិសាយប្រើស៍នាពេលកន្លងទៅ ដែលចំណុចនេះ ធ្វើឱ្យសម្តេចត្រូវរៀបចំច្បាប់ឆ្លើយតបវិញ ដោយកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ សម្រាប់អ្នកដែលមានតំណែងជា នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សម្តេចបានបញ្ជាក់បន្ថែមថា «ឥឡូវនេះ ខ្ញុំបង្ខំចិត្តត្រូវតែធ្វើ បើសិនជាអ្នកឯងចិត្តសឿង អ្នកឯងកុំទៅបោះឆ្នោត ដើម្បីឱ្យអ្នកឯងបាត់សិទ្ធិជាស្ថាពរទៅលើការឈរឈ្មោះបោះឆ្នោត ទាំងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក៏ឈរមិនបាន បោះឆ្នោតព្រឹទ្ធសភាក៏ឈរមិនបាន និបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ឆ្នាំ២០២៨ ក៏ឈរមិនបាន»

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ពេលនេះ សម្តេចក្រឡាហោម ស ខេង និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុុត្តិធម៌ កំពុងធ្វើការយ៉ាងលឿន ហើយត្រៀមដាក់ចូលរដ្ឋសភាអនុម័ត ដែលនឹងធ្វើឱ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើម។

សម្តេចបានបន្ថែមទៀតថា៖ «កុំភ្លេចណា សភាទោះបីជាយុទ្ធការឃោសនាបោះឆ្នោត ក៏សភាអាចធ្វើបានដែរ ប៉ុន្តែយើងចង់ធ្វើឱ្យបានមុនយុទ្ធនាការចាប់ផ្តើម ដើម្បីទះកំផ្លៀងអ្នកឯងឱ្យកប់គៀនជញ្ជាំង អញ្ចឹងអ្នកឯងអត់បានឈរឈ្មោះមួយជីវិត»

សម្តេចតេជោ ហ៊ុន សែន បានហៅមេដឹកនាំក្រុមប្រឆាំងថាជាមនុស្សល្ងង់។ សម្តេចតេជោ ក៏បានពន្យល់ដល់ប្រជាពលរដ្ឋអំពីមូលហេតុ ដែលសម្តេចបានផ្តួចផ្តើមឱ្យមាន ការរៀបចំធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រង់ចំណុចនេះ ដោយសារតែក្រុមប្រឆាំងជ្រុលនិយម បានដាក់ចេញនូវយុទ្ធនាការអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោត។

សម្តេចបានបន្តថា ឆ្នាំ២០១៨ មេដឹកនាំក្រុមប្រឆាំង បានដាក់ចេញយុទ្ធនាការមួយដែលជំរុញប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោតឆ្នោត ដោយប្រើពាក្យថា «ដេកផ្ទះឈ្នះឯង» ប៉ុន្តែពេលនេះ សម្តេចត្រូវដាក់ចេញយុទ្ធនាការត្រឡប់ទៅវិញថាតើ «ដេកផ្ទះឈ្នះឬអត់?» ជាដើម៕