ឯកឧត្តមរដ្ឋមន្ត្រី ថោង​ ខុន៖ លទ្ធផលកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងកើត-ប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៅកម្ពុជា នឹងផ្តល់ផ្លែផ្កាជាវិជ្ជមានសម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ពិភពលោក


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈលទ្ធផលដែលទទួលបានពីកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោក ស្តីពីក្រមអន្តរជាតិសម្រាប់ការការពារទេសចរ ដែលបានធ្វើឡើងនៅកម្ពុជា នឹងផ្តល់ជាផ្លែផ្កាជាវិជ្ជមាន សម្រាប់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ពិភពលោក ក៏ដូចជាវិស័យទេសចរណ៍កម្ពុជា ពិសេសការដាក់ចេញនូវក្រមអន្តរជាតិ ស្តីពីការការពារទេសចរ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ នាឱកាសថ្លែងក្នុងពិធីបើកកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោក ស្តីពីក្រមអន្តរជាតិសម្រាប់ការការពារទេសចរ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ។

ពិធីបើកកិច្ចប្រជុំរួមលើកទី៣៥ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការចូលរួមពីលោក Zurab Pololikashvili អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក លោក Dato’Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី និងជាប្រធាននៃគណៈកម្មការអង្គការទេសចរណ៍ពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក រួមទាំងមាន រដ្ឋមន្ត្រីទេសចរណ៍ ថ្នាក់ដឹកនាំទេសចរណ៍នៃបណ្តាប្រទេសអាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង លោក លោកស្រីអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក អង្គការអន្តរជាតិជាដៃគូអង្គការទេសចរណ៍ពិភពលោក។

ឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យដឹងទៀតថា កិច្ចប្រជុំរួមនៃគណៈកម្មការអាស៊ីខាងកើត និងប៉ាស៊ីហ្វិក (CAP-Commission for Asia and the Pacific) និងគណៈកម្មការអាស៊ីខាងត្បូង (CSA- Commission for South Asia) នៃអង្គការទេសចរណ៍ពិភពលោក គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អង្គការទេសចរណ៍ពិភពលោកនៅតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងអាស៊ីខាងត្បូង ដែលចូលរួមដោយប្រទេសសមាជិកអង្គការទេសចរណ៍ពិភពលោកប្រចាំតំបន់ទាំងនេះ រួមជាមួយអ្នកជំនាញ សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវផ្នែកវិស័យទេសចរណ៍ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍របស់ប្រទេសសមាជិក។

កិច្ចប្រជុំខាងលើនេះក៏នឹងមានការសម្រេចដាក់ចេញនូវយន្តការដោះស្រាយបន្ទាន់ ដើម្បីស្តារវិស័យទេសចរណ៍នៅក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ ហើយលទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវដាក់ឆ្លងអនុម័តក្នុងមហាសន្និបាតអង្គការទេសចរណ៍ពិភពលោក ដែលត្រូវរៀបចំឡើងជារៀងរាល់ពីរឆ្នាំម្តង។

កិច្ចប្រជុំនៅកម្ពុជានាពេលនេះ ត្រូវបានរៀបចំឡើងដោយមានកម្មវិធីមួយចំនួនដូចខាងក្រោម៖

* សន្និសីទអង្គការទេសចរណ៍ពិភពលោកស្តីពី «ក្រមអន្តរជាតិសម្រាប់ការការពារទេសចរ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ
* កិច្ចប្រជុំលើកទី៥៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក (CAP) និងកិច្ចប្រជុំលើកទី៥៩ នៃគណៈកម្មការតំបន់អាស៊ីខាងត្បូង (CSA) និងកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការទាំងពីរ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ
* ដំណើរទស្សនកិច្ចសម្រាប់គណៈប្រតិភូ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ទៅកាន់ព្រះបរមរាជវាំង វិមានឈ្នះ ឈ្នះ និងពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងទៀតថា ទន្ទឹមនឹងនេះកិច្ចប្រជុំគណៈកម្មការជំនាញទាំងពីរនេះ ក៏រំពឹងថានឹងដាក់ចេញនូវសេចក្ដីប្រកាសភ្នំពេញ ស្ដីពីក្រមអន្តរជាតិស្ដីពីការការពារទេសចរ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរូបលោកចុះហត្ថលេខាក្នុងនាមជាប្រទេសទី១ ក្នុងការទទួលស្គាល់ និងគាំទ្រលើក្រមអន្តរជាតិនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ទៀតថា ការរៀបចំក្រមអន្តរជាតិនេះគឺផ្តើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកចំពោះប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក ជាពិសេសការអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកផងដែរ៕