អាជ្ញាធរខេត្តកំពង់ធំ ជំរុញឲ្យសិស្សានុសិស្ស ដែលចង់មានជំនាញមួយច្បាស់លាស់ពិតប្រាកដ ត្រូវមកសិក្សារៀនសូត្រ នៅវិទ្យាស្ថានបច្ចេកទេសខេត្ត


(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានជំរុញឲ្យសិស្សានុសិស្ស ដែលមានបំណងចង់មកធ្វើការជំនាញមួយ ដែលច្បាស់លាស់ពិតប្រាកដ ត្រូវមកសិក្សារៀនសូត្រ នៅវិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ធំ ដើម្បីមានឱកាសចាប់យកជំនាញមួយច្បាស់លាស់ ក្នុងការធ្វើឲ្យខ្លួនមានសមត្ថភាពមួយច្បាស់លាស់។

ការជំរុញបែបនេះបានធ្វើឡើងក្នុងឱកាសដែលលោក សុក ហៃ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សហគ្រាស រួមទាំងសិស្សានុសិស្សជាច្រើន ដែលរៀបចំធ្វើឡើង នៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានលើកឡើងថា ពិធីផ្សព្វផ្សាយ គឺមានគោលដៅក្នុងការផ្សព្វផ្សាយ ដល់ជំនាញវិជ្ជាជីវៈទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ដើម្បីកាត់បន្ថយភាពក្រីក្រ នៅតាមមូលដ្ឋាន។

លោកបន្តថា វិទ្យាស្ថាពហុបច្ចេកទេសខេត្តកំពង់ធំ ជាគ្រឹះស្ថរលើបណ្ដុះបណ្ដាលបច្ចកទេស និងវិជ្ជាជីវៈមួយក្នុងចំណោមគ្រឹះស្ថាន (TVET)របស់ខេត្តទាំងពេលដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈវិទ្យាស្ថាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០១ តាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០០៣-២០០៤ គឺបង្កើនបរិមាណសិស្ស និស្សិតចុះឈ្មោះចូលរៀនក្នុងវិទ្យាស្ថាន បង្កើនគុណភាពបណ្តុះបណ្តាលឲ្យឆ្លើយតបទៅនឹងបច្ចេកវិទ្យាថ្មី ពង្រឹងសមត្ថភាពគ្រូ បច្ចេកទេសបន្ថែម បន្តការងារប្រចាំដើម្បីការពារវិញ្ញាបនបត្រ ISO 9001-2015 សម្រាប់សវនកម្មលើកក្រោយៗទៀត និងបន្តរៀបចំការងារធានាគុណភាពរបស់អង្គភាព។

លោក សុខ ហៃ បានថ្លែងអំណរគុណវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ នៅតែយកចិត្តទុកដាក់ ដូចជាថ្នាក់ដឹកនាំក្នុងការបង្កើតកម្មវិធីសិក្សាដើម្បីស្របទៅនឹងបរិបទសាកលភាវូបនីយកម្ម ក្នុងការជួយដល់សិស្សនិស្សិត ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីឲ្យមានជំនាញច្បាស់លាស់ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។

លោក សុក ហៃ បានលើកឡើងថា ការសិក្សាផ្នែកជំនាញទន់ ជាផ្នែកមួយមិនអាចខ្វះ ដើម្បីបំពេញបន្ថែមលើជំនាញឯកទេស និងសម្រាប់ភាពជោគជ័យ ក្នុងការងារ ឬមុខជំនួញ ក៏ដូចជាការទទួលស្គាល់ចម្រៀងពន្ធ គឺជាចំណុច ចាប់ផ្ដើមឈាន ទៅចូលរួម ក្នុងទីផ្សារការងារប្រកប ដោយសេចក្តីសង្ឃឹមជឿជាក់ និងមានភាពទាក់ទាញ ដែលជំរុញឲ្យយុវជន ដែលបញ្ចប់ការបណ្តុះបណ្តាលបច្ចេកទេស បំពេញការងារប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវ ហើយក៏កសាងទំនុកចិត្ត ពីសំណាក់ដៃគូរអភិវឌ្ឍន៍ដូចជាធានា ដល់អ្នកវិនិយោគដែលប្រើប្រាស់ នូវកម្លាំងពលកម្មរបស់យើង អាចមកវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោក សុក ហៃ អំពាវនាវប្រជាពលរដ្ឋបន្តថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍ មូលធនមនុស្សពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែងកំណើនសេដ្ឋកិច្ចខ្ពស់ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងបន្តគាំទ្រក្នុងការអនុវត្តគោល នយោបាយជាតិស្តីពី ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

លោក សុក ហៃ បានជំរុញឲ្យអ្នកចូលរួម ខិតខំរៀនសូត្រពេញមួយជីវិត ដើម្បីឲ្យមានសមត្ថភាពតាមបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ៕