ឯកឧត្តមរដ្ឋមន្ត្រី វង សូត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីចាត់ការ អគារសិក្សា ខ្លោងទ្វារ និងរបងថ្មី ក្នុងសាលាបឋមសិក្សាសម្ដេច ហេង សំរិន អន្លង់ជ្រៃ តម្លៃជិត៤០ម៉ឺនដុល្លារ


(ត្បូងឃ្មុំ)៖ ទីចាត់ការ ១ខ្នង អគារសិក្សា ២ខ្នង ស្មើ១០បន្ទប់ ខ្លោងទ្វារ និងរបងសាលា ប្រព័ន្ធលូរំដោះទឹក ចាក់បេតុងក្នុងសាលា ព្រមទាំងបំពាក់បរិក្ខាក្នុងទីចាត់ការ និងថ្នាក់រៀន នៅក្នុងសាលាបឋមសិក្សាសម្ដេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតនៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ចំណាយថវិកាជិត៤០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី តំណាងសម្ដេច ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនោះ ធ្វើឡើងព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំ លោកគ្រូ អ្នកគ្រូ យាយជី តាជី សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងនាឱកាសនោះ ឯកឧត្តម វង សូត សូមចូលរួមរីករាយអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងសាលាបឋមសិក្សាសម្ដេច ហេង សំរិន អន្លង់ជ្រៃ ដោយបានបង្ហាញឱ្យឃើញនូវលទ្ធផល នៃការដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គម ក្រោមម្លប់នៃសន្តិភាព ពីព្រោះធនធានមនុស្សកើតចេញពីការរៀនសូត្រ នៅក្នុងសាលានេះហើយ បានរីកដុះដាលទទួលជោគជ័យទាំងក្នុងការសិក្សាកម្រិតឧត្តមសិក្សា និងអាជីពការងារ ហើយបានត្រឡប់មកអភិវឌ្ឍសាលាបឋមសិក្សាដើមកំណើតវិញ សម្រាប់ជាមូលដ្ឋានក្នុងការបន្តបណ្តុះបណ្តាលធនធានមនុស្សថ្មីបន្ថែមទៀត។ សមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះ គឺសម្រាប់អ្នកមូលដ្ឋានឃុំកក់ ស្រុកពញាក្រែកផ្ទាល់ ក៏ដូចជាសម្រាប់បណ្តុះបណ្តាលធនធានមនុស្សដែលនឹងត្រូវចូលរួមអភិវឌ្ឍប្រទេសជាតិ នៅក្នុងពេលខាងមុខបន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា កុមារ និងយុវជន គឺជាកម្លាំងបន្តវេនដ៏មុតស្រួច និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន និងរុងរឿង។ ដូចនេះ ដើម្បីឱ្យទំពាំងស្នងឫស្សីទាំងនោះ មានភាពរឹងមាំ និងប្រកបដោយគុណភាពខ្ពស់,ការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកសមត្ថភាព ចំណេះដឹងទូទៅ និងចំណេះជំនាញ រួមនឹងផ្នែកចរិយាសម្បត្តិប្រកបដោយគុណធម៌ សីលធម៌ និងស្មារតីចូលរួមប្រកប ដោយការស្ថាបនា សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជនយើង គឺជាកត្តាចាំបាច់ដែលសង្គមជាតិ សហគមន៍ និងគ្រួសារនីមួយៗត្រូវខិតខំអប់រំ កសាងធនធានមនុស្ស និងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យបានរឹងមាំសម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិមាតុភូមិនៃយើង។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សពេលដែលបានអគារសិក្សាជាច្រើនខ្នងនេះ ត្រូវចេះថែរក្សាឲ្យបានគង់វង្ស ព្រោះវាជាសម្បត្តិរួម មិនមែនជារបស់បុគ្គលណាម្នាក់នោះទេ មិនតែប៉ុណ្ណោះសូមបងប្អូនចូលរួមសហការជាមួយ សមត្ថកិច្ចអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាព ទាំង៧ចំណុច ពិសេសល្បែងស៊ីសង និង បញ្ហាគ្រោះថ្នាក់ចរាចរណ៏ដែលជាឃាតកលាក់មុខផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ជាពិសេសក្រុមការងារដែលបានបរិច្ចាគទាំងកម្លាំងកាយ កម្លាំងចិត្ត ធនធានសម្ភារ និងថវិកា ដើម្បីរួមចំណែកដល់ការកសាង អគារសិក្សាថ្មីនេះ ឱ្យមានជារូបរាងឡើង និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះបោះឆ្នោតនិងចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខ ដោយបោះជូនគណបក្សប្រជាជនមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា។

បើតាមរបាយការណ៍របស់លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ៖ បន្ទាប់ពីបានដាក់ឱ្យដំណើរការសាលាបឋមសិក្សាសម្ដេច ហេង សំរិន អន្លង់ជ្រៃ លើទីតាំងនេះ អស់រយៈកាល ១៤ ឆ្នាំ ឃើញថាចំនួនសិស្សចេះតែមានកំណើនជាលំដាប់ ដែលទាមទារនូវការកសាងអគារថ្មីបន្ថែមទៀតសម្រាប់ឱ្យចៅ ចៅទួត របស់ សម្ដេចទាំងទ្វេរ ក្នុងភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច បានសិក្សារៀនសូត្រ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី តាមរយៈឯកឧត្តមរដ្ឋមន្ត្រី វង សូត និងលោកស្រី ហេង ពៅ បានសម្រេចរៀបចំជួសជុលកែលម្អសោភ័ណ្ឌភាពអគារចាស់បំពាក់បរិក្ខារបច្ចេកទេស ចំនួន ២ ខ្នង ១០ បន្ទប់ និងកសាងថ្មីនូវសមិទ្ធផលរួមមាន ទីចាត់ការ ១ ខ្នង ទំហំ ១០.៥×១២ ម៉ែត្រ អគារសិក្សា ២ ខ្នង ៦ បន្ទប់ ខ្លោងទ្វារ និងរបងប្រវែង១២៥ ម៉ែត្រ រៀបចំប្រព័ន្ធលូរំដោះទឹក និងចាក់បេតុងក្នុងសាលា ព្រមទាំងបំពាក់បរិក្ខាក្នុងទីចាត់ការ និងថ្នាក់រៀន ដោយចំណាយថវិកាប្រមាណជាង៤០ម៉ឺនដុល្លារអាមេរិក ដែលសមិទ្ធផលទាំងអស់នេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ៕