អ្នកនាំពាក្យ៖ គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ដោយជាង១១លានសន្លឹកសម្រាប់ប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត និងជាង១លានសន្លឹកទៀតសម្រាប់បម្រុងនៅគណៈកម្មការរាជធានី/ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ហៅកាត់ គធ.ខប ឬ PEC។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ គឺមានចំនួន៩,៧១០,៦៥៥នាក់ ការិយាល័យបោះឆ្នោតមានចំនួន២៣,៧៨៩ការិយាល័យ។

លោកបានបន្តថា «សន្លឹកឆ្នោតដែលត្រូវបោះពុម្ពមានចំនួនជាង១៣លានសន្លឹក ដោយចំនួនជាង១១លានសន្លឹកសម្រាប់ប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត និងចំនួនជាង១លានសន្លឹកទៀតសម្រាប់បម្រុងនៅគណៈកម្មការរាជធានី/ខេត្តរៀបចំការបោះឆ្នោតទាំង២៥»

លោកបានឱ្យដឹងដែរថា មកទល់ពេលនេះ ការបោះពុម្ពសន្លឹកឆ្នោតសម្រេចបាន១១រាជធានី/ខេត្ត ដោយតាមផែនការ ការបោះពុម្ពសន្លឹកឆ្នោតនឹងត្រូវចប់រួចរាល់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

គួរជម្រាបថា ក្នុងដំណើរការបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតសកលនាពេលបច្ចុប្បន្ន និងពេលបោះឆ្នោតកន្លងមក គ.ជ.ប តែងតែអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ដើម្បីចូលរួមពិនិត្យមើលច្រវាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោត ដែលរួមមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន។

ជាក់ស្ដែងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ដែលមានវត្តមាននៅរោងពុម្ព ចូលរួមពិនិត្យមើលដំណើរការបោះពុម្ព នៅរោងពុម្ព ណាវីន ព្រីនធីង ស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតដែលចូលរួមក្នុងពិធីនោះ រួមមាន៖ តំណាងគណបក្សនយោបាយចំនួន១១គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរអភិរក្ស គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែរឈប់ក្រ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន១២ និងអ្នកសារព័ត៌មានចំនួន១២អង្គភាព សរុបប្រមាណជាង៥០នាក់៕