នៅថ្ងៃទី២២ ខែមថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល និងលោក ទួន យ៉ាត អនុប្រធាន រួមជាមួយសមាជិកសមាជិកា ផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនឯកឧត្តម គង់ បូរ៉ា ទីប្រឹក្សាក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាននាយកដ្ឋានការងារចាត់តាំងក្បាលម៉ាស៊ីនគណបក្ស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនឯកឧត្តម គង់ បូរ៉ា ។
ឯកឧត្តម ចាយ បូរិន និងលោក ទួន យ៉ាត បានប្រគល់អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តម គង់ បូរ៉ា និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមឆាប់ជាសះស្បើយ មានសុខភាពល្អ និងកម្លាំងមាំមួន។
ឯកឧត្តម គង់ បូរ៉ា មានប្រសាសន៍ថា៖ គ្រួសារយើងខ្ញុំពិតជាមានក្តីរំភើបអរគុណ និងសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចាត់តាំងឯកឧត្តម ចាយ បូរិន បានមកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិតមកផ្តល់ឲ្យរូបខ្ញុំបាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ នេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា និងជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់ក្រុមគ្រួសារខ្ញុំបាទ ។
ខ្ញុំបាទសូមគោរពជូនពរដល់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិតព្រមទាំងបុត្រា បុត្រីទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕