ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសគាំទ្រចំពោះវិសោធនកម្មច្បាប់បោះឆ្នោត ទោះបីអវត្តមានមិនបានចូលរួមកិច្ចប្រជុំពេញអង្គ ដោយសារធុរៈចាំបាច់


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានបង្ហាញនូវការគាំទ្រចំពោះវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បើទោះបីលោកអវត្តមានមិនបានចូលរួមកិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយសារមានធុរៈចាំបាច់ផ្ទាល់ខ្លួន។

តាមរយៈ Facebook ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កំពុងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតនានា ដែលរួមមានច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ដើម្បីកែទម្រង់បទប្បញ្ញត្តិមួយចំនួនពាក់ព័ន្ធលក្ខខណ្ឌចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានបំណងឈរឈ្មោះឲ្យគេបោះឆ្នោត ដែលច្បាប់វិសោធនកម្មនេះធ្វើឡើងស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា [បទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់]។ បើទោះបីជាខ្ញុំត្រូវអវត្តមានពីអង្គប្រជុំដោយមានធុរៈចាំបាច់ ខ្ញុំបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនូវដំណើរការនៃការពិភាក្សា នៃសេចក្តីព្រាងច្បាប់មួយនេះ។

ការធ្វើវិសោធនកម្មនាពេលនេះ គឺជាការបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវ និងគុណសម្បត្តិ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមាន សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និងនីតិរដ្ឋ នៃប្រទេសរបស់ខ្លួន ដោយមិនបានដកហូត ឬរឹតបន្តឹងសិទ្ធិជាមូលដ្ឋានណាមួយឡើយ។ ផ្ទុយមកវិញ វិសោធនកម្មនាពេលនេះ ជាការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ចំពោះបេក្ខភាព ដែលឈរឈ្មោះជាតំណាងរបស់ខ្លួន។

ជាងនេះទៅទៀត ការធ្វើវិសោធនកម្មនេះ ក៏នឹងចូលរួមចំណែកក្នុងការធានាភាពរលូន និងការជឿទុកចិត្តបាន នៃដំណើរការបោះឆ្នោត និងក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជានីតិរដ្ឋ។ ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ខ្ញុំសូមប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ»។

សូមជម្រាបថា សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវលើក​យក​ទៅពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

សេចក្តីព្រាងច្បាប់​ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលផ្តោតសំខាន់លើការ កំណត់លក្ខខណ្ឌរបស់បុគ្គលដែលឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានធ្វើ​ឡើងភ្លាមៗតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏មាន​ឥទ្ធិពលរបស់កម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះ​ឆ្នោត ជាការឆ្លើយតបទៅនឹងក្រុមប្រឆាំង ដែលនាំគ្នាធ្វើចលនាបំផុសមិនឱ្យ​ប្រជា​​ពលរដ្ឋទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតជាដើម៕