សម្ពោធដាក់ឱ្យប្រើប្រាស់អគាសិក្សា២កន្លែង នៅស្រុកចិត្របុរី ជាអំណោយរបស់ក្រុមហ៊ុន វិនិយោគផ្នែកជ័រកៅស៊ូចំនួន២ ក្នុងខេត្តក្រចេះ


អគាសិក្សាថ្មីចំនួន២ខ្នង ស្មើនឹង៨បន្ទប់ ជាអំណោយរបស់ក្រុមហ៊ុនដូវទឺសាយហ្គន និងក្រុមហ៊ុន ភូររៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធីបតីភាព ឯកឧត្តម អ៊ុង សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

អគាសិក្សាថ្មីទាំង ០២ខ្នងនេះ នឹងបម្រើឱ្យការសិក្សារបស់សិស្សានុសិស្ស នៅឃុំចំនួន២ គឺឃុំកន្ទួត ស្រុកចិត្របុរី និងឃុំស្វាយជ្រះ ស្រុកស្នួល។

ឯកឧត្តម អ៊ុង សំអាត បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីចំនួន២ខ្នង មាន៨បន្ទប់ នៅសាលាបឋមស្រែនន ក្នុងភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី និងសាលាបឋមសិក្សាអន្លង់គល់ ស្ថិតក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលបានឧបត្ថម្ភ និងកសាងឡើងដោយក្រុមហ៊ុនដូវទឺសាយហ្គន-ប៊ិញហ្វឿក (អេស ប៊ី ខេ) និងក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍កៅស៊ូ។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពលើ វិស័យអប់រំ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធមានភ្លើង ផ្លូវ ស្ពាន សាលារៀនជាដើម។ មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្នែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស ព្រមទាំងមានការអភិវឌ្ឍ សមត្ថភាពលោកគ្រូ អ្នកគ្រូ, កម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារសិក្សាល្អៗផងដែរ។

ឯកឧត្តមបានបន្តទៀតថា ជាទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យអប់រំតាមគ្រប់លទ្ធភាព និងបានបើកចំហរឱ្យមានការចូលរួមរបស់វិស័យឯកជនផងដែរ សំដៅបង្កើនការប្រកួតប្រជែង នៅក្នុងវិស័យនេះ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី មានចំណេះដឹង និងផលិតភាពខ្ពស់សម្រាប់ទីផ្សារការងារដ៏សម្បូរបែបស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹង និងពង្រីកសក្តានុពល សេដ្ឋកិច្ចរបស់ខ្លួនឈានឆ្ពោះទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងបច្ចេកវិទ្យា ដែលមានតម្រូវការខ្ពស់នូវធនធានមនុស្ស និងជំនាញបច្ចេកទេស។

ឯកឧត្តម អ៊ុង សំអាត បានលើកឡើងថា ទោះយ៉ាងណាគម្លាតភូមិសាស្ត្រ និងសាលាបឋមសិក្សាមិនគ្រប់កម្រិតនៅតែជាឧបសគ្គសម្រាប់ ការចូលរៀនរបស់កុមារ ជាពិសេសការចូលរៀនត្រឹមត្រូវតាមអាយុកំណត់។ លទ្ធផលសិក្សារបស់សិស្ស លើសអាយុទាបជាងសិស្សរៀនត្រឹមត្រូវតាមអាយុ។ យើងឃើញថា កុមារមួយចំនួននៅតាមតំបន់ដាច់ស្រយាលនៃគ្រួសារដែលមានជីវភាពខ្វះខាតបានបោះបង់ការសិក្សាក្រោយបឋមសិក្សា ឬបញ្ចប់អនុវិទ្យាល័យដែលនេះជាបញ្ហាប្រឈមដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុង សំអាត បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការពង្រឹងការអប់រំនៅតាមតំបន់ជនបទដាច់ស្រយាល ពិសេសនៅទីនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្តផ្សព្វផ្សាយ ដល់សហគមន៏ មាតាបិតា ដើម្បីប្រមូលកុមារដែលគ្រប់អាយុចូលរៀន ឱ្យបានចុះឈ្មោះចូលរៀនគ្រប់ៗគ្នា, សាលារៀនត្រូវការធាតុចូលដែលមានគុណភាព ជាពិសេសសាលារៀននៅ, តំបន់ជនបទតួនាទីរបស់មាតាបិតា និងសហគមន៍ក្នុងការគ្រប់គ្រងសាលារៀនត្រូវតែពង្រឹង ដើម្បីដោះស្រាយបញ្ហាឆ្លងផ្នែក និងបញ្ហាសង្គមសេដ្ឋកិច្ចនៅកម្រិតសហគមន៍ និងគ្រួសារ, ការបំពេញការងាររបស់គ្រូបង្រៀនត្រូវធ្វើការពិនិត្យតាមដាន និងវាយតម្លៃជាទៀងទាត់, នាយកសាលាត្រូវការបំប៉នបន្ថែមអំពីជំនាញគ្រប់គ្រង និងដឹកនាំយកចិត្តទុកដាក់ក្នុងការការពារសុវត្តិភាព និងសុខភាពកុមារ ពិសេសទប់ស្កាត់ឱ្យបានពីគ្រប់ទំរង់នៃអំពើហិង្សាលើកុមារ និងការកេងប្រវ័ញ្ញពលកម្មកុមារ៕