រដ្ឋមន្ត្រីកសិកម្ម គាំទ្រគំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មរវាងក្រុមហ៊ុន និងកសិករ ដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារជូនប្រជាកសិករ


ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មរវាងក្រុមហ៊ុនទិញស្រូវអង្ករ រោងម៉ាស៉ីនកិនស្រូវ ជាមួយសហគមន៍កសិករ គឺជាយន្តការរួមចំណែកដោះស្រាយបញ្ហាទីផ្សារជូនប្រជាកសិករ។

តួយ៉ាងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ មានក្រុមហ៊ុនធំៗ និងរោងម៉ាស៊ីនកិនស្រូវសរុបចំនួន៦ បានចុះកិច្ចសន្យាទិញស្រូវឱ្យបានជិត២ម៉ឺនតោន និងបន្លែទៅតាមការប្រមូលផលជាក់ស្តែង ពីសហគមន៍កសិករចំនួន៤០នៅទូទាំងខេត្តកំពង់ធំ។ ព្រមទាំងមានការចុះអនុស្សរណៈយោគយល់ចំនួន១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការធានាការទូទាត់នៅពេលប្រមូលផល ដើម្បីនឹងមានការប្រមូលទិញស្រូវចំនួនជិត២ម៉ឺនតោន និងបន្លែទៅតាមការប្រមូលផលជាក់ស្តែង

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងថា «គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មនេះ ធ្វើឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ប្រជាកសិករ»។

ឯកឧត្តមបានបន្ថែមថា ការចុះកិច្ចសន្យាកសិកម្មទាមទារឱ្យភាគីទាំងអស់ ទាំងខាងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ គោរពកិច្ចសន្យា និងស្មោះត្រង់ជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្ដ្រីក៏បានជំរុញឱ្យសហគមន៍ប្រើប្រាស់ពូជសុទ្ធ និងអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ខណៈក្រសួងកំពុងរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលមានគោលនយោបាយដាក់មន្រ្តីបច្ចេកទេសកសិកម្មចំនួន១,៦០០នាក់នៅតាមឃុំទាំងអស់ ដែលមានសកម្មភាពកសិកម្ម ព្រមទាំងការគិតគូរពង្រឹងសហគមន៍ ទាំងលើផ្នែកបច្ចេកទេស និងថវិកា។

យ៉ាងណាក៏ដោយ ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ការងារនេះទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម ប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កិច្ចសន្យាទាំង៤៦ដែលបានធ្វើឡើងនាពេលនេះរួមមាន៖ កិច្ចសន្យាជាមួយក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd មានចំនួន២២កិច្ចសន្យា ស្មើនឹង៣០០០តោនស្រូវ និងបន្លែ, ក្រុមហ៊ុន Signatures of Asia Co.,Ltd ចំនួន៨កិច្ចសន្យា ស្មើនឹង៦៦៩០តោន, ក្រុមហ៊ុន Kompong Thom Rice Mill 1688 ចំនួន៤កិច្ចសន្យា ស្មើនឹង២០២០តោន, ក្រុមហ៊ុន B.R.M Agro Co.,Ltd ចំនួន២កិច្ចសន្យា ស្មើនឹង២៩២៨តោន,ក្រុមហ៊ុន Daily Fresh Food, រោងម៉ាស៊ីនកិនស្រូវ ជូ ផេង ចំនួន២កិច្ចសន្យា ស្មើនឹង១១៨០តោន និងរោងម៉ាស៊ីនកិនស្រូវ ងួន ហុង ចំនួន៣កិច្ចសន្យា ស្មើនឹង១៨៤៥តោន និងអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន Signatures of Asia Co.,Ltd និងស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK។

លោក ចាន់ សុឃាំង បានគូសបញ្ជាក់ថា កិច្ចសន្យាទាំង៤៦នេះ គ្របដណ្ដប់លើផ្ទៃដីចំនួន៦,៦៩០ហិកតា និងអនុវត្តដោយកសិករចំនួន២,២៣៦គ្រួសារ នៅក្នុងស្រុកចំនួន៧នៃខេត្តកំពង់ធំ។

បើតាមលោក ចាន់ សុឃាំង មានប្រភេទស្រូវមួយចំនួន ដែលភាគីទាំងពីរបានធ្វើកិច្ចសន្យាលើការទទួលទិញ រួមមាន៖ ប្រភេទផ្ការំដួលមានចំនួន៦,២៣៣តោន, ស្រូវសែនក្រអូបមានចំនួន២,៨៩០តោន, ស្រូវប្រភេទអូអឹមមានចំនួន១,៨៥០តោន, ស្រូវគ្រាប់ខ្ចីចំនួន៦,៦៩០តោន និងមានកិច្ចសន្យាលើបន្លែតាមបរិមាណជាក់ស្ដែងបន្ថែមទៀត។

ចំណែកលោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការចុះកិច្ចសន្យាកសិកម្មនេះជានិម្មិតរូបនៃការចាប់ផ្តើមរីកចម្រើននៃប្រព័ន្ធខ្សែច្រវាក់តម្លៃ និងការផ្គត់ផ្គង់នៅក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសផលិតកម្មស្រូវដែលផ្សារភ្ជាប់ និងធ្វើតំណភ្ជាប់ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកផ្តល់ឥណទាន និងអ្នកផ្គត់ផ្គងធាតុចូល ដើម្បីឆ្ពោះទៅរកគោលដៅរួមមួយ គឺការកសាងវិស័យស្រូវអង្ករនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែងប្រកបដោយប្រាក់ចំណេញ។

គួរជម្រាបថា ពិធីចុះកិច្ចព្រមព្រៀងដែលគ្រោងរៀបចំជារៀងរាល់ឆ្នាំនេះ គឺជានិមិត្តសម្រាប់បង្កើនទំនុកចិត្ត ភាពជឿជាក់ និងជំរុញដល់សហគមន៍កសិករ និងក្រុមហ៊ុននានា នៅកម្ពុជាឱ្យចូលរួមបន្ត និងលើកកម្ពស់បន្ថែមទៀតនូវយន្តការកិច្ចសន្យាកសិកម្មដ៏មានសារសំខាន់នេះ ហើយរួមគ្នាលើកកម្ពស់ទំនាក់ទំនង និងបង្កើតទីផ្សារសម្រាប់សហគមន៍កសិកម្ម បណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនអ្នកនាំចេញ៕