ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបញ្ចុះបឋមសិលាសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងសំពៅពូន ខេត្តកណ្តាល ចំណាយថវិកាជិត ២៧ម៉ឺនដុល្លារ


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងក្រុងសំពៅពូន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបញ្ចុះបឋមសិលា​បើកការរដ្ឋានសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ​ក្រុងសំពៅពូន​ ខេត្តកណ្តាល ដែលគ្រោងចំណាយថវិកាសាងសង់សរុប ២៦៦,៧៨៩ដុល្លារ។

ពិធីបើកការដា្ឋនសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាថ្មីនេះ ស្ថិតនៅភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល និងមានការចូលរួមពីឯកឧត្តម ម៉ៅ​ ភិរុណ​ ប្រធានគណកម្មការគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តកណ្តាល​ និងដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ផងដែរ​។

សូមបញ្ជាក់ថា គម្រោងសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងសំពៅពូននេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ៥០ម៉ែត្រ គុណនឹង ៨០ម៉ែត្រ អគារដែលត្រូវសង់មានទំហំ ១២ម៉ែត្រ គុណនឹង ៣៨ម៉ែត្រ កម្ពស់១ជាន់ និងដំបូលប្រក់ក្បឿង។ អគារនេះមានកម្ពស់សរុប ១៥ម៉ែត្រលើកនីវ៉ូ ផុតពីផ្លូវកម្ពស់៦តឹក នឹងមានកម្ពស់ជាន់នីមួយៗដូចខាងក្រោម៖ ជាន់ផ្ទាល់ដី ទៅជាន់ទី០១ មានកម្ពស់ ៣.៨០ម៉ែត, ជាន់ទី០១ ទៅទល់នឹងពិដាន មានកម្ពស់ ៤.៥០ម៉ែត្រ, តំបូលមានកម្ពស់ ៥.០ម៉ែត្រ។

អគារនេះត្រូវបានបែងចែកសម្រាប់ការប្រើប្រាស់ក្នុងកិច្ចការងាររដ្ឋបាលមានដូចជា៖ ជាន់ផ្ទាល់ដី បែងចែកជា០៦បន្ទប់ បន្ទប់វីអាយភី០១ មានទំហំ៤៧ម៉ែត្រក្រឡា និងបន្ទប់ទឹកផ្ទាល់១, បន្ទប់វីអាយភី០២ មានទំហំ៣៥ម៉ែត្រក្រឡា និងបន្ទប់ទឹកផ្ទាល់១, បន្ទប់ប្រជុំធំមួយ មានទំហំ ៦០ម៉ែត្រក្រឡា, បន្ទប់រដ្ឋបាលទូទៅចំនួន០៣ ដែលមានផ្ទៃក្រឡាសរុបចំនួន ៨៨ម៉ែត្រការ៉េ, បន្ទប់សម្រាប់ផ្ទុកទំនិញផ្សេងៗទំហំ ២៨ម៉ែត្រក្រឡា និងបន្ទប់ទឹកសាធារណៈ ដែលមានខណ្ឌចែក បន្ទប់ស្រី&ប្រុស សរុប០៥បន្ទប់ មានផ្ទៃសរុប៤២ម៉ែត្រការ៉េ រួមទាំងជណ្តើរជើងចំនួន០២ សម្រាប់ឡើងទៅជាន់ទី១។

ជាន់ទី១ ជាជាន់សម្រាប់ការប្រើប្រាស់ទៅលើការជួបជុំសមាជិកសមាជិការគណបក្ស ដែលត្រូវបានបែងចែកដូចជា៖ បន្ទប់វីអាយភី សម្រាប់ការរង់ចាំរបស់គណធិបតី និងមន្ត្រីអមប្រតិភូ មានទំហំ២០ម៉ែត្រការ៉េ, វេទិការសម្រាប់គណធិបតីថ្លែងសន្ទរកថា និងសំណេះសំណាលសមាជិកសមាជិការរបស់គណបក្ស, បន្ទប់សាលប្រជុំទំហំ៣៣០ម៉ែត្រការ៉េ ដែលអាចផ្ទុកនិងដាក់កៅអីអង្គុយបានសរុបចំនួន ៣០៦នាក់, បន្ទប់គ្រប់គ្រងប្រព័ន្ធបច្ចេកទេសសំលេងចំនួនមួយបន្ទប់ ទំហំ១០ម៉ែត្រការ៉េ។

តំបូលប្រក់ក្បឿងពីរតង់ និងតំបូលកាត់ទទឹងមានហោរជាងបែរតម្រង់ទៅច្រកចូលនាទិសខាងជើង មានរំលេច ឃើញនូវរូបឡូហ្គោគណបក្ស និងរចនាម៉ូដកន្ទុយហង្ស និងកន្ទុយនាគនៅចុងដំបូល ផ្សំជាមួយក្បឿងផ្ទៃពណ៌ខៀវ លេចយ៉ាងស្រស់ប្រណិត។

គម្រោងអគារទីស្នាក់ការគណបក្សនេះ ត្រូវបានចំណាយថវិការប្រើប្រាស់សរុបចំនួន ២៦៦,៧៨៩ដុល្លារ ដែលមានបែងចែកទៅលើការងារចំនួនពីរ ប្រភេទដូចខាងក្រោម៖ ចំណាយទៅលើការសាងសង់អគារ អស់ថវិកាចំនួន ២៣៣,៨២៨ដុល្លារ, ចំណាយទៅលើការសាងសង់របង និងក្លោងទ្វារ អស់ថវិកាចំនួន ៣២,៩៧០ដុល្លារ៕