ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា៖ ចាប់ពីពេលនេះទៅ ពលរដ្ឋទទួលបានបណ្ណកម្មសិទ្ធដីក្នុងការកាន់កាប់ ដែលត្រូវបានការពារដោយច្បាប់


ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងប្រាប់ប្រជាពលរដ្ឋពីតម្លៃ នៃបណ្ណកម្មសិទ្ធដីធ្លីដែលបង្ហាញ ពីម្ចាស់ដីពេញលក្ខណៈ។ ចាប់ពីថ្ងៃនេះតទៅការកាន់កាប់ដីធ្លីរបស់បងប្អូននឹងមានសុវត្ថិភាព ហើយបាតុភាពដីធ្លីពេលមុនៗដែលធ្លាប់ជួបប្រទះនឹងត្រូវបញ្ចប់។

ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន៦៨០គ្រួសារ នៅភូមិចំនួន៤ ក្នុងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។

ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងទៀតថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការ ក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រាជរដ្ឋាភិបាល តាម ស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗតាំងពីការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដី និងបំពេញទម្រង់បែបបទប្រមូលទិន្នន័យម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យ ម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈទិន្នន័យម្ចាស់ក្បាលដីទាំងអស់នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្តាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ រហូតប្រារព្វពិធីប្រគល់វិញ្ញាបនបត្រនៅពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លទ្ធផលដែលសម្រេចបានថ្ងៃនេះ គឺអាស្រ័យដោយកម្លាំងសាមគ្គីទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ ដែលមានជំនឿជាក់ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ស្របតាមលទ្ធផលដ៏ធំធេងការចុះបញ្ជីដីធ្លីដូចបានលើកឡើងខាងលើ កន្លងមករដ្ឋបាល ខេត្តព្រះវិហារ ក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាស់ដីថ្លីរវាងប្រជាពលរដ្ឋ និងរដ្ឋ ការកាន់កាប់ទន្ទ្រានដីថ្មីៗ បែបអនាធិបតេយ្យពីសំណាក់ជនខិលខូចនិងជនឱកាសនិយមដោយ ទាមទារឱ្យ អាជ្ញាធរទទួលស្គាល់ ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងការប្រើប្រាស់ដីធ្លីដែលមិនមែនជាដីភោគះនៅតែបន្តនៅតាមបណ្តាលភូមិ ឃុំមួយចំនួន»

ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងទៀតថា ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយចាប់ពីពេលនេះតទៅប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ចំពោះបាតុភូតដីធ្លីនៅពេលមុនៗ ដែលធ្លាប់ជួបប្រទះនឹងត្រូវបញ្ចប់។

ឯកឧត្តមអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃ ដើម្បីប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍គ្រប់វិស័យថែមទៀត។ លោកថា គ្មានប្រទេសណាគេមកដាក់ទុនអភិវឌ្ឍនៅប្រទេសណា ដែលកំពុងតែមានសង្គ្រាមទេ ហើយត្រៀមទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បោះឱ្យគណបក្សណាដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។

ដោយឡែកលោក លី សាវ៉េត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំត្បែងពីរ មាន៤ភូមិ ក្នុងនោះភូមិក្តាក់ជាភូមិទី៤ ដែលក្រុមការងារ បានអនុវត្តតាមនីតិវិធីនៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃចែកនៅពេលនេះ។

លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋគឺមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧.០០នាទី៕