គណបក្សខេត្តកំពង់ចាម ទទួលបានសមាជិកថ្មីមកពីបក្សផ្សេងៗជាង២០០នាក់


ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជន ក្នុងក្រុងកំពង់ចាម បានជួបសំណេះសំណាលជាមួយ សមាជិកថ្មីជាង២០០នាក់ មកពីគណបក្សផ្សេងៗចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានប្រាប់សមាជិកបក្សទាំងអស់ ត្រូវរក្សាគោលជំហរឱ្យបានច្បាស់លាស់ និងមានភាពស្មោះត្រង់ចំពោះបក្ស ហើយត្រូវដឹកនាំបងប្អូនកូនចៅឱ្យទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា «រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ក្នុងនោះគណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ អំពីគោលនយោបាយគណបក្ស ហើយផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបក ទៅកាន់​មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញផងដែរ»។

លោកប្រធានគណបក្សខេត្ត បានបន្តថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិករបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា
ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ដូចគ្នា៕