ឯកឧត្តមសាយ សំអាល់ ចែករំលែកបទពិសោធន៍ជាមួយគម្រោងចិត្តដូចគ្នា


ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៤ ខែសីហានេះ បានអនុញ្ញាតឱ្យក្រុមយុវជនចំនួន៣០នាក់ មកពីគម្រោងចិត្តដូចគ្នា(ONE HEART Project) បានចួលជួប និងទទួលការណែនាំ ហើយ ឯកឧត្តម បានណែនាំឱ្យយុវជនទាំងអស់ខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនដើម្បីចូលរួមជ្រោងទង់នៃការអភិវឌ្ឍសង្គមកម្ពុជា។ ក្នុងជំនួបប្រមាណ១ម៉ោងនៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបានចែករំលែកពីបទពិសោធន៍ក្នុងកិច្ចការងារនៅក្រសួងក្នុងនាមជាយុវជន និងបានបង្ហាញពីទិដ្ឋភាពជារួមនៃការវិវឌ្ឍសង្គមកម្ពុជាក្រោយការកសាងសង្គមសន្តិភាព និងស្ថេរភាព និងជាពិសេសវឌ្ឍភាពនៃវិស័យបរិស្ថាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថមថវិកាដល់កម្មវិធី និងបានលើកទឹកចិត្ត និងជួយសម្រួលឱ្យក្រុមយុវជនអាចទៅបោះបង់នៅតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជាដែលសុទ្ធសឹងតែជាតំបន់សក្តានុពលធម្មជាតិ និងអេកូទេសចរណ៍៕