ឯកឧត្តម អ៊ូច ភា និងក្រុមការងារបន្តចុះផ្សព្វផ្សាយគោលនយោបាយ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល


ជាមួយសមាជិកបក្សតាមខ្នងផ្ទះក្នុងមូលដ្ឋានភូមិស្រុកចេក និងភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្ដដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងក្រុមការងារ បានអញ្ជើញបន្តចុះផ្សព្វផ្សាយគោលនយោបាយ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាលជាមួយសមាជិកបក្សតាមខ្នងផ្ទះ ក្នុងមូលដ្ឋានភូមិស្រុកចេក និងភូមិព្រៃពាយ ឃុំអង្គតាសោម ស្រុកត្រាំកក់ ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាព ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន «ទាំងអស់នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ផ្ដាច់បានពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ហើយប្រជាជនទាំងអស់គ្នាគឺជាសាក្សីរស់ក្នុងការបញ្ជាក់ ពីសច្ចធម៌ប្រវត្តិសាស្ត្រនេះ។
ឯកឧត្តម ចង់ឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានមនសិកា មានគោលជំហរច្បាស់លាស់ មុននឹងសម្រេចចិត្តបោះឆ្នោត ទោះបីអ្នកណានិយាយអ្វីក៏ដោយក៏មិនអាចកែប្រែគោលជំហររបស់ខ្លួនបានឡើយ។ ប្រជាពលរដ្ឋត្រូវចេះវាយតម្លៃថា គណបក្សដឹកនាំដែលល្អ គឺជាគណបក្សដែលមានមាគ៌ា ដឹកនាំត្រឹមត្រូវ គឺជាគណបក្សដែលបានដឹកនាំប្រទេសឱ្យមានសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធគ្រប់ទីកន្លែង ធ្វើឱ្យប្រជាជនមានជីវភាពការរស់នៅសុខស្រួល ដែលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននិងកំពុងគោលនយោបាយទាំងនេះ។
ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនជាគណបក្សដែលមានវិន័យ ធ្វើអ្វីមានផែនការ មានយុទ្ធសាស្ត្រច្បាស់លាស់ រាប់ទាំងពីការតស៊ូរំដោះប្រជាជន ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលជាសត្រូវគ្មានរូបគ្មានស្រយោល និងពិបាកប្រឆាំងជាងគេបំផុត។
ឯកឧត្តមបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។ លើសពីនេះ ឯកឧត្តមប្រធានក៏បានអំពាវនាវដល់ សកម្មជន សមាជិក-សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋ សូមទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ជាពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» នៅលេខរៀងទី១៨ ៕