ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំនីក ស្រុកក្រូចឆ្មារ ដឹកនាំសមាជិកសមាជិកាបក្ស ជិត ២ពាន់នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត ស្វែងរកការគាំទ្រពីម្ចាស់ឆ្នោត


(ត្បូងឃ្មុំ) ៖ ឯកឧត្តម ផារ៉ា មង្គល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារចុះជួយឃុំជំនីក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី ០៩ បន្ទាប់ការបើកនូវយុទ្ធនាការឃោសនារកសម្លេងឆ្នោត កាលពីថ្ងៃទី ០១ ខែកក្កដា កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដោយមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជិត ២,០០០នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ការដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងឃុំជំនីកនេះ មានការចូលរួម ពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំជំនីក បានចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ នេះ មានចំនួនប្រមាណជិត ២,០០០ នាក់ ក្នុងនោះមានអមដំណើរដង្ហែក្បួន ដោយមធ្យោបាយ មានម៉ូតូ ជិត ៥០០គ្រឿង និងរថយន្តតូច ធំ ចំនួន ជាង ៧០គ្រឿង។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារចុះជួយឃុំជំនីក បានបញ្ជាក់ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមគ្នាជាកម្លាំងសាមគ្គីធ្លុងមួយ ដែលកើតចេញពីក្តីស្រលាញ់ពេញក្រអៅបេះដូងរបស់សមាជិក សមាជិកាបក្ស និងស្ដែងឲ្យឃើញនូវឧត្ដមភាព កិត្យានុភាព និងទឹកចិត្តស្រឡាញ់គាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជារបស់សមាជិក សមាជិកាទាំងអស់ ។ ម្យ៉ាងទៀត ការដង្ហែនេះ ក៏បង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យបានឃើញច្បាស់អំពីកំលាំងមហាសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់គ្រប់ៗអាណត្តិ គឺកើតចេញពីការគាំទ្រដោយឥតងាករេរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើងនៅក្នុងថ្ងៃនេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានប្រកាសគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមប្រកាសជាឱឡារិកនៅចំពោះមុខសមាជិក សមាជិកាគណបក្សជិត ២ ពាន់ គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។

ឯកឧត្តម ផារ៉ា មង្គល ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួន ចាំបាច់ត្រូវគោរពឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា ៕