ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ដឹកនាំសមាជិកគណបក្សជាង៣ពាន់នាក់ ហែក្បួនយុទ្ធនាការឃោសបោះឆ្នោតទ្រង់ទ្រាយធំ ក្នុងខណ្ឌចំការមន និងបឹងកេងកង


ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាប្រមាណ ៣ពាន់នាក់​ ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតទ្រុងទ្រាយធំនៅខណ្ឌចំការមន និងបឹងកេងកងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។

គួរជម្រាបថា យុទ្ធនាការឃោសបោះឆ្នោតនេះបានឈានដល់ថ្ងៃទី៩ហើយ ខណៈដែល គ.ជ.ប បានកំណត់អនុញ្ញាតឱ្យយុទ្ធនាការប្រព្រឹត្តទៅចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣។

នៅមុនពេលចេញដំណើរដង្ហែក្បួនឃោសនា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានអានសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ជូនដល់អង្គពិធីទាំងមូលបានជ្រាប​ និងបានណែនាំដល់សមាជិក សមាជិកាបក្សឱ្យត្រូវប្រកាន់ភ្ជាប់នូវរបៀបរៀបរយ គោរពឱ្យបាននូវក្រមសីលធម៌ និងច្បាប់បោះឆ្នោត ព្រមទាំងរក្សាវិន័យ សេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន ពិសេសគឺត្រូវគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរឃោសនានោះ។

ជាមួយនឹងសំឡេងជ័យឃោសដ៏ក្លៀវក្លា ឯកឧត្តមបណ្ឌិតអ៉ិត សំហេង ព្រមទាំងសមាជិក សមាជិកាបក្សទាំងជាង​ ៣ពាន់នាក់ បានប្រកាសប្ដេជ្ញាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត ដើម្បីបន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

តាមទិដ្ឋភាពជាក់ស្ដែងនៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ មានប្រជាជននៅតាមដងផ្លូវបង្ហាញការអបអរសាទរស្វាគមន៍ និងជូនពរសូមឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះជាថ្មីនៅអាណត្តិទី៧ខាងមុខ​ ជាបន្តទៀត។

នៅសល់តែ១៤ថ្ងៃទៀតបុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងឈានមកដល់ហើយ ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕