ថ្ងៃទី៩នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត, ឯកឧត្តម វង សូត ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង


ថ្ងៃទី៩ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត, ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានដឹកនាំក្រុមការងារ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រមាណជិត៤ពាន់នាក់ ដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ នៅមូលដ្ឋានក្នុងស្រុកពញាក្រែក និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយធ្វើការឆ្លងកាត់ជាង៦០ភូមិ និងមានការជួបសំណេះសំណាលតាមបណ្តាឃុំផងដែរ។

ឯកឧត្តម វង សូត ក៏បានណែនាំដល់សមាជិកបក្សនៅមុនពេលចេញដំណើរដង្ហែក្បួនរកសំឡេងឆ្នោត ត្រូវរក្សានូវរបៀបរៀបរយគោរពឱ្យបាននូវក្រមសីលធម៌ និងច្បាប់បោះឆ្នោតព្រមទាំងគោរពវិន័យសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជន ដោយត្រូវគោរពឱ្យបានត្រឹមត្រូវនូវច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរ។

ឯកឧត្តមបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននឹងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្ថែមទៀត។

នៅក្នុងពិធីដង្ហែក្បួនឃោសនារកសំឡេងឆ្នោតជាលើកទី២នោះ ត្រូវបានប្រជាជននៅតាមដងផ្លូវ និងនៅតាមមូលដ្ឋានភូមិនានាបានសម្តែងការអបអរសាទរស្វាគមន៍ និងគាំទ្រគណបក្សប្រជាជនកម្ពុជាជានិច្ច។