ឯកឧត្តម ទៀ សីហា ជួបសំណេះសំណាលជាមួយសមាជិកបក្សជិត ២ពាន់នាក់ នៅក្រុងសៀមរាប និងក្រើនរំលឹកឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា គ្រប់ៗគ្នា


ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងលោកជំទាវ ស៊ិន ណម សមាជិកអច្ចិន្ត្រៃយ៍គណបក្សខេត្ត ជាបេក្ខភាពត្រៀមតំណាង រាស្ត្រមណ្ឌលសៀមរាប នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបធ្វើការសំណេះសំណាលជាមួយបងប្អូន ជាសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជិត២ពាន់នាក់ សង្កាត់ទឹកវិល និងសង្កាត់សាលាកំរើក នៅទីតាំងពីរផ្សេងៗពីគ្នា ដោយមានការចូលរួមពីលោក លោកស្រី អស់លោក លោកស្រីជាក្រុមការងារចុះជួយសង្កាត់ទាំងពីរផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានពាំនាំមកនូវសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ជូនចំពោះសមាជិកសមាជិកា គណបក្សទាំងពីរសង្កាត់ ក្នុងក្រុងសៀមរាប។

ឯកឧត្តម ទៀ សីហា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំខាងនយោបាយ ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានកសាង និងសម្រេចបាននូវសមិទ្ធផល ជាប្រវត្តិសាស្រ្តយ៉ាងច្រើន សម្រាប់បុព្វហេតុជាតិ និងផលប្រយោជន៍ របស់ប្រជាជនកម្ពុជា ដែលយើងទាំងអស់គ្នាត្រូវដឹងគុណ និងត្រូវបន្តនាំគ្នាការពារសមិទ្ធផល និងសន្តិភាព ឱ្យស្ថិតនៅគង់វង្សសម្រាប់កូនចៅ របស់យើងជំនាន់ក្រោយៗទៀត។

ឯកឧត្តមបានបន្តថា សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាន គឺជាសមិទ្ធផលរួមរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា។ ជាក់ស្តែង ដូចជាសមទ្ធិផលផ្លូវទាំង៣៨ខ្សែ និងការស្តារស្ទឹងឡើងវិញ ឱ្យកាន់តែមានសម្រស់ ស្រស់ត្រកាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងសង្កាត់ គឺកើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន។ ម៉្យាងទៀត សមទ្ធិផលជាច្រើនទៀត ក៏ស្តែងចេញពីសកម្មជនក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។

ឯកឧត្តមបានបន្តទៀតថា ក្នុងរយៈពេលជាង ៤០ឆ្នាំនេះ ការដឹកនាំប្រទេសកម្ពុជា គឺមិនអាចខ្វះបានទេ ពីការលះបង់របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ពីព្រោះគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល និងជាប្រវត្តិសាស្រ្ត ក្នុងការផ្សះផ្សារ និងបង្រួបបង្រួមប្រទេសជាតិ ឱ្យរួបរួមគ្នាតែមួយក្រោមដំបូលម្លប់សន្តិភាព របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងពីរសង្កាត់ ត្រូវចូលរួមជម្រុញដល់សមាជិកក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងអស់ ត្រូវបំពេញតកព្វកិច្ចរបស់ខ្លួនជាពលរដ្ឋម្នាក់ក្នុងការសម្រេចចិត្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃអនាគត៕